Update៖ កូរ៉េខាងជើង បញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី!

ទីភ្នាក់ងារសើបការណ៍សម្ងាត់នៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(ទី២៧ខែកុម្ភៈ)ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី ហើយទាហានកូរ៉េខាងជើង មួយចំនួនត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិសាជាថ្មីក្នុងតំបន់ Kursk។

ប្រភពពីសារព័ត៌មាន AFP ។

បណ្តាញចារកម្មកូរ៉េខាងត្បូង និងក្រុមលោកខាងលិច ធ្លាប់បាននិយាយថា កងទ័ពកូរ៉េខាងជើងសរុបច្រើនជាង ១០ ០០០នាក់ ត្រូវបានបញ្ជូនទៅកាន់រុស្ស៊ីកាលពីឆ្នាំ២០២៤ ដើម្បីជួយទីក្រុងមូស្គូវាយបណ្តេញ កងកម្លាំងអ៊ុយក្រែន ដែលបានវាយលុកចូល តំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។
កាលពីដើមខែនេះ ទីក្រុងសេអ៊ូលបានអះអាងថា កងទ័ពកូរ៉េខាងជើង ដែលពីមុនមកបានប្រយុទ្ធរួមគ្នាជាមួយកងទ័ពរុស្ស៊ីនៅតាមសមរភូមិមុខនៃតំបន់ Kursk បានបាត់មុខពីការប្រយុទ្ធ ចាប់តាំងពីពាក់កណ្តាលខែមករា ខណៈអ៊ុយក្រែនបាននិយាយថា ពួកគេបានដកថយ ក្រោយមានទាហានស្លាប់ ឬរបួសច្រើន។
យ៉ាងណាមិញ ឥឡូវនេះ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឱ្យដឹងថា ទាហានកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយនៅសមរភូមិមុខ វិញហើយ ក្នុងតំបន់ Kursk ហើយក៏ហាក់មានការបញ្ជូនកងទ័ពបន្ថែមពីកូរ៉េខាងជើងទៅកាន់រុស្ស៊ីផងដែរ ក៏ប៉ុន្តែទំហំជាក់ស្តែងនៃកងទ័ពថ្មីៗទាំងនោះ ស្ថិតក្រោមការវាយតម្លៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version