Update៖ រុស្ស៊ី បន្តវាយប្រហារលើអ៊ុយក្រែនដោយប្រើមីស៉ីល៣គ្រាប់និងយន្តហោះដ្រូន១៣៣គ្រឿង! 

យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា រុស្ស៊ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ។បន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃ អំឡុងជំនួបជាមួយក្រុមមន្រ្តីអាមេរិកនៅអារ៉ាប៊ីសាអូឌីតហើយពេលនេះកំពុងរង់ចាំមើលការឆ្លើយតបពីទីក្រុងមូស្គូ។
ប្រភពពីសារព័ត៌មាន Reuters។

យោធាអ៊ុយក្រែនបានអះអាងថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន៩៨គ្រឿងហើយ២០គ្រឿងទៀតត្រូវបានរារាំងមិនឱ្យហោះទៅដល់គោលដៅតាមរយៈប្រព័ន្ធទប់ទល់សង្រ្គាមអេឡិចត្រូនិក។
ទន្ទឹមគ្នានេះ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៉ីលបាលិស្ទីគរបស់រុស្ស៊ីលើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូង បានបណ្តាលឱ្យ មនុស្ស៤នាក់ស្លាប់និងខូចខាតកប៉ាល់ដឹកជញ្ជូន១គ្រឿង។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ មុនជំនួបរវាងក្រុមមន្រ្តីអ៊ុយក្រែនិងអាមេរិក នៅទីក្រុង Jeddah រុស្ស៊ីក៏បានបាញ់មីស៉ីលបាលិស្ទីគ ១គ្រាប់ រួមជាមួយដ្រូន៧៩គ្រឿង លើអ៊ុយក្រែនផងដែរ ខណៈអ៊ុយក្រែនវិញ បានបើកការវាយប្រហារតាមផ្លូវអាកាសធំបំផុតលើរុស្ស៉ី ជាមួយយន្តហោះដ្រូនរហូតដល់៣៣៧គ្រឿង ជាហេតុបណ្តាលឱ្យមាន មនុស្សស្លាប់ យ៉ាងហោច៣នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *