Update៖ អាមេរិក អំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា!

កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង និយាយថាអាមេរិកបានអំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតជាពិសេសនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា។

ប្រភពពីសារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Cheong In-kyo កំពុងវិលត្រលប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលគាត់បានស្នើសុំសមភាគីអាមេរិកលោក Jamieson Greer ឱ្យលើកលែងចេញពីវិធានការពន្ធគយទៅលើប្រទេសរបស់លោកប្រសិនបើវិធានការទាំងនោះចូលជាធរមានក្នុងខែមេសាខាងមុខនេះ។
ប៉ុន្តែលោករំពឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តប្រកាសពន្ធគយនៅថ្ងៃទី២ ខែមេសាតាមការគ្រោងទុក ជាពិសេសលើប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដូចជាកូរ៉េខាងត្បូងជាដើម។
លោក Cheong បាននិយាយថា មន្ត្រីអាមេរិកមិនបាននិយាយអំពីសាច់គោជាពិសេសទេ ប៉ុន្តែពួកគេបាននិយាយថា កូរ៉េត្រូវចាត់វិធានការចំពោះអនាម័យ និងវិធានការចត្តាឡីស័ក។ លោក Cheong ក៏បានលើកឡើងពីបទប្បញ្ញត្តិស្តីពីក្រុមហ៊ុនបច្ចេកវិទ្យា និងវិស័យនានាដែលមន្ត្រីអាមេរិកបាននិយាយថាពិបាកក្នុងការចូលទៅកាន់ទៅផ្សារកូរ៉េខាងត្បូងផងដែរ។
ប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសនាំចូលសាច់គោច្រើនជាងគេមួយរបស់សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យនាំចូលសាច់គោពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០០៨ ប៉ុន្តែមានតែសត្វដែលមានអាយុតិចជាង ៣០ខែប៉ុណ្ណោះត្រូវបានអនុញ្ញាត ដោយសារតែការព្រួយបារម្ភជាសាធារណៈអំពីជំងឺគោឆ្កួត។ការរឹតបន្តឹងនេះត្រូវបានលើកឡើងថាជារបាំងពាណិជ្ជកម្មមួយសម្រាប់កូរ៉េខាងត្បូងនៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *