Update៖ អាល្លឺម៉ង់ អនុម័តកញ្ចប់ជំនួយយោធាថ្មីចំនួន៣.២៥ពាន់លានដុល្លារដល់អ៊ុយក្រែន!

កាលពីថ្ងៃសុក្រ(ទី២១ខែមីនា) អាល្លឺម៉ង់បានអនុម័តជំនួយយោធាថ្មីគិតជាទឹកប្រាក់ចំនួន៣ពាន់លានអឺរ៉ូ(៣.២៥ពាន់លានដុល្លារអាមេរិក)សម្រាប់អ៊ុយក្រែន។

ប្រភពពីសារព័ត៌មាន DW។

គណៈកម្មាធិការកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ ទីបំផុតបានផ្តល់ភ្លើងបៃតងចំពោះជំនួយយោធាខាងលើ បន្ទាប់ពីបានពន្យារពេល អស់រយៈពេលជាច្រើនខែដោយសារតែបញ្ហានយោបាយក្នុងស្រុក។
ជំនួយថ្មីនេះ គឺបន្ថែមពីលើ៤ពាន់លានអឺរ៉ូផ្សេងទៀត ក្នុងជំនួយយោធាសម្រាប់អ៊ុយក្រែន ដែលត្រូវបានគ្រោងរួចស្រេច ក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២៥ របស់អាល្លឺម៉ង់។
មិនតែប៉ុណ្ណោះ ថវិកា៨.៣ពាន់លានអឺរ៉ូ ក៏ត្រូវបានកំណត់ទុក សម្រាប់ទីក្រុងកៀវ នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ ផងដែរ។
គួរបញ្ជាក់ថា អាល្លឺម៉ង់បានដើរតួនាទីជា អ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតមួយសម្រាប់អ៊ុយក្រែន ដោយចូលរួមចំណាយប្រមាណ ២៨ពាន់លានអឺរ៉ូមកទល់ពេលនេះ គិតចាប់តាំងពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីជាង៣ឆ្នាំមុនមក។

ប៉ុន្តែបច្ចុប្បន្ន ស្ថានការណ៍មានការប្រែប្រួលជាខ្លាំង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៉ី ដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយកន្លងមកបានផ្អាកជំនួយយោធាមួយរយៈពេលខ្លី សម្រាប់អ៊ុយក្រែន។
លើសពីនេះទៀត លោក ត្រាំ ក៏បានបង្កឱ្យមានភាពស្រពេចស្រពិល នៃការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះអង្គការ NATO ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version