(ភ្នំពេញ)៖ រដ្ឋាភិបាល គ្រោងស្នើទៅព្រះមហាក្សត្រ ផ្ដល់មុខតំណែងជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ដល់បណ្ឌិត ជួន កក្កដា ដើម្បីបន្តជួយដល់វិស័យព្រះពុទ្ធសាសនា បន្តទៀត។ នេះបើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេនាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
ក្នុងពិធីដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាង រាជរដ្ឋាភិបាលកម្ពុជា ឬក្រុមគ្រួសារត្រកូនហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ហើយភរិយារបស់សម្ដេច គឺលោកជំទាវ ពេជ ចន្ទមុន្នី សម្ដែងការសោកស្ដាយ និងក៏មិនចង់ឱ្យលាចាកសិក្ខាបទដែរ។ ការឆ្លើយតបនេះគឺបន្ទាប់ពីមានមតិមួយចំនួនចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារត្រកូលហ៊ុន ចាប់បង្ខំឱ្យបណ្ឌិត ជួន កក្កដា លាចាកសិក្ខាបទ៕