កាលពីថ្ងៃចន្ទ មន្ត្រីអាមេរិកនិងរុស្ស៊ីបន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងឈប់បាញ់ដាច់ដោយឡែកមួយនៅសមុទ្រខ្មៅ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃចន្ទទី២៤ ខែមីនា ឆ្នាំ ២០២៥។
ជំនួបនេះធ្វើឡើង ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនការប្រឹងប្រែងបញ្ចប់ជម្លោះរយៈពេលបីឆ្នាំនេះ បន្ទាប់ពីលោកបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ីកាលពីសប្តាហ៍មុន។
សេតវិមានបានបញ្ជាក់ថា គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីសម្រេចបានបទឈប់បាញ់ដែនសមុទ្រនៅសមុទ្រខ្មៅ ដែលនឹងអនុញ្ញាតឱ្យមានលំហូរដឹកជញ្ជូនដោយសេរី ទោះបីជាតំបន់នេះមិនមែនជាចំណុចកណ្តាល នៃប្រតិបត្តិការយោធាខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានថ្លែងថា «បញ្ហាចម្បងគឺសុវត្ថិភាពនៃការធ្វើនាវាចរណ៍» ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងមុនស្តីពីការដឹកជញ្ជូនសមុទ្រខ្មៅ ដែលត្រូវបានសម្របសម្រួលនៅឆ្នាំ២០២២ បានបរាជ័យក្នុងការផ្តល់នូវអ្វីដែលបានសន្យាជាមួយទីក្រុងម៉ូស្គូ៕