(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ(ទី២៦ ខែមីនា) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាអគារស្នាក់នៅរបស់គ្រូបង្រៀននិងសិស្ស អគារទីចាត់ការព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ។
វិស័យអប់រំក្នុងខេត្តព្រះសីហនុក្នុងឆ្នាំសិក្សា២០២៤-២០២៥ មាន គ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន១០២ ក្នុងនោះមត្តេយ្យសិក្សាដាច់ដោយឡែកចំនួន៣ សាលាបឋមសិក្សាចំនួន៧១ អនុវិទ្យាល័យ និងវិទ្យាល័យចំនួន២៨ សាលាឧបសម្ព័ន្ធចំនួន២ និងសាលាគរុកោសល្យ-វិក្រឹត្យការខេត្តចំនួន១។ បុគ្គលិកអប់រំសរុបចំនួន ២ ១២៨នាក់ ស្រី ១ ០០៨នាក់ សិស្សដែលបានចុះឈ្មោះចូលរៀនសរុបចំនួន ៥៣ ៦១៦នាក់ ស្រី ២៦ ៣៦៩នាក់។
ចំពោះគ្រឹះស្ថានសិក្សាឯកជនចំណេះទូទៅមានចំនួន៣៧ បុគ្គលិកសរុបចំនួន ៩៥៨នាក់ ស្រី៥៨៩នាក់ សិស្សដែលបានចុះឈ្មោះចូលរៀនមានចំនួន ១២ ០៦៨នាក់ ស្រី ៥ ៩១៩នាក់។ ដោយឡែកគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន ៤ទីតាំង បុគ្គលិកសរុបចំនួន ១២៨នាក់ ស្រី ៣៥នាក់ និស្សិតដែលបានចុះឈ្មោះចូលរៀនសរុបចំនួន ១ ៧៣៩នាក់ ស្រី ៩៨៥នាក់។
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ០២ កញ្ញា ២០២៤ បេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបចំនួន ២ ៩៣០នាក់ ស្រី ១ ៥៣៧នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន២ ៧៨៩នាក់ ស្មើនឹង ៩៧,២៥% ក្នុងនោះស្រី ១ ៤៨២នាក់ ស្មើនឹង៩៨,១៥%។ ដោយឡែកលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ បេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបចំនួន ១ ៩១៥នាក់ ស្រី ៩៩០នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ១ ៥៩៧នាក់ ស្មើនឹង ៨៣,៩៥% ស្រី ៨៧៨នាក់ ស្មើនឹង៨៩,៣២% ក្នុងនោះ៖ បេក្ខជនជាប់និទ្ទេសA ៖៤៥នាក់ស្រី ២៤នាក់(ក្នុងនោះនៅវិទ្យាល័យ ហ៊ុន សែន វាលរេញនេះមានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤នាក់)បេក្ខជនជាប់និទ្ទេសB ៖ ១៨៦នាក់ស្រី១១៥នាក់ បេក្ខជនជាប់និទ្ទេសC៖ ៣២៩នាក់ ស្រី២១០នាក់បេក្ខជនជាប់និទ្ទេសD៖ ៥១៦នាក់ ស្រី២៧៥នាក់ បេក្ខជនជាប់និទ្ទេសE ៖ ៥១២នាក់ ស្រី២៤៩នាក់៕