ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ!

(ព្រះសីហនុ)៖ នៅព្រឹកទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ ដែលជាខេត្តជាប់សមុទ្រ និងមានកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញ មានសក្តានុពលផ្នែកសេដ្ឋកិច្ចធំណាស់។

សម្តេចធិបតី បានថ្លែងថា បើទោះបីមានខេត្តមានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។
សម្តេចធិបតី បានថ្លែងថា ខេត្តព្រះសីហនុ សម្រេចបានវឌ្ឍនភាពប្រកបដោយមោទនភាព សម្រាប់វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចធិបតី បានថ្លែងអបអរសាទរចំពោះវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការវាយតម្លៃ និងទទួលស្គាល់ជាអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៤។
សម្តេចធិបតី អបអរសាទរលោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់​ជាប្រធានមន្ទីរគំរូឆ្នាំសិក្សា ២០២៣-២០២៤ និង ទទួលបណ្ណសរសើរជាប្រធានមន្ទីរដែលបានមានស្នាដៃល្អ ក្នុងការដឹកនាំគ្រប់គ្រង និង ជំរុញសាលារៀនគំរូ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី១ ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែល ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។
ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោត លើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ ទី១៖ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។

ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

ទី៣៖ ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន។

ទី៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង។

ទី៥៖ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

សម្តេចធិបតី រាជរដ្ឋាភិបាល​ក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពវិធានការ​ចាំបាច់នានា និង កំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះគោលដៅ និង វិធីសាស្រ្តវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាព​អប់​រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និង សមិទ្ធកម្ម តាមរយៈទី១៖ ការពង្រឹងអភិបាល​កិច្ចសាលារៀន។
ទី២៖ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ​ក្នុង​ការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និង ឥរិយាបថសិស្ស។
ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់​កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ។
និងទី៤៖ ការ ជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ ។

សម្តេចធិបតី ក្នុងជំនួបជាមួយប្រធានធានាគារពិភពលោក ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍នានា បានមើលឃើញដូចកម្ពុជាផងដែរ គន្លឹះខ្លាំងនៃកិច្ចអភិវឌ្ឍប្រទេសគ្មានអ្វីសំខាន់ជាងធនធានមនុស្សនោះឡើយ។

សម្តេចធិបតី កំពុងគិតគូរឱ្យមានការតម្រង់ទិស​សម្រាប់សិស្សរៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស? ទោះរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស ក៏អាចទទួលបានសញ្ញាបត្រកម្រិតបាក់ឌុបផងដែរ។

សម្តេចធិបតី៖ ការសម្រេចធ្វើបែបនេះ ដើម្បីឱ្យសិស្សមានជម្រើសច្រើនក្នុងការសិក្សា។
សម្តេចធិបតី បានថ្លែងថា សម្តេចគ្រោងអញ្ជើញចុះជួបមន្ត្រីរាជការតាមខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *