(កំពង់ចាម)៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យលោកអភិបាលស្រុកកងមាស បញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត។
-នេះបើតាមលិខិត របស់រដ្ឋបាលខេត្តកំពង់ចាម ដែល(ដើមរាំង)ទើបទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងលិខិតនោះ បានឱ្យដឹងថា ករណីយកប្រាក់ចំនួន៣៦០ដុល្លារ សម្រាប់ការកែ តម្រូវសំបុត្រកំណើត ប្រជាពលរដ្ឋឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
អភិបាលខេត្តបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន៣៦០ ដុល្លារ ។
សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
រដ្ឋបាលខេត្តបាន ចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាព ច្រកចេញចូលតែមួយខេត្ត បានចុះសិក្សា ស្រាវជ្រាវលើករណីខាងលើ។
គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។
ដូចនេះដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុកកងមាសដូចខាងក្រោម៖
១-ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត។
២-រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
៣-អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និង សេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។
៤-ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៥-ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។
៦-ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស អនុវត្តការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
សូមជម្រាបថា៖ ថ្មីៗនេះបានផ្ទុះព័ត៌មានករណីលោក ហែម គឹមសាធ យកលុយពីពលរដ្ឋចំនួន៣៦០ដុល្លារ ជាថ្នូរនឹងកែសំបុត្រកំណើត.ហើយព័ត៌មាននេះក៏បានដឹងដល់អភិបាលខេត្ត រហូតមានបទបញ្ជាឱ្យបញ្ចប់មុខតំណែងតែម្ដងទៅ៕