Update៖ អាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំឱ្យទៅប្រទេសកាតាក្នុងតម្លៃ១.៩៦ពាន់លានដុល្លារ!

កាលពីថ្ងៃពុធ(ទី២៦ ខែមីនា) អាមេរិក បានយល់ព្រមលក់ យន្តហោះដ្រូនធុនធំ MQ-9B ចំនួន៨គ្រឿងព្រមទាំងបរិក្ខារពាក់ព័ន្ធក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់មជ្ឈិមបូព៌ា។

ប្រភពពីសារព័ត៌មាន AFP។

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក DSCA បានប្រកាសឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានអនុម័ត គម្រោងលក់យន្តហោះដ្រូនខាងលើ ហើយខ្លួនបានជូនដំណឹងទៅកាន់សភាអាមេរិក ដើម្បីរង់ចាំការផ្តល់ភ្លើងបៃតងចុងក្រោយ។ ទីភ្នាក់ងារ DSCA បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សំណើលក់យន្តហោះដ្រូននេះ នឹងគាំទ្រដល់កម្មវត្ថុនៃគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយពង្រឹងសន្តិសុខរបស់ ប្រទេសជាមិត្ត ដែលបន្តដើរតួនាទីជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *