ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាសច្រានចោល ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងតេអេរ៉ង់បានវាយប្រហារកប៉ាល់ ដឹកប្រេងគីមីនៅក្នុងមហាសមុទ្រឥណ្ឌា ។
ខណៈដែលភាពតានតឹង កើនឡើងទូទាំងពិភពលោក ជុំវិញការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្រ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ មន្ទីរបញ្ចកោណអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កប៉ាល់ដឹកប្រេងឈ្មោះ CHEM PLUTO ។
ដែលមានចងទង់ជាតិលីបេរីយ៉ា ជាកម្មសិទ្ធិរបស់ជប៉ុន និងធ្វើប្រតិបត្តិការដោយហូឡង់ បានរងការវាយប្រហារ កាលពីវេលាម៉ោងប្រហែល ១០ព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) នៅតំបន់មហាសមុទ្រឥណ្ឌា ត្រង់ចំណុចដែលមានចម្ងាយប្រមាណជា ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា ដោយយន្តហោះដ្រូនអត្តឃាត ដែលបាញ់បញ្ជូនមកពីប្រទេសអ៊ីរ៉ង់។
បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ វាគឺជាការវាយប្រហារលើកទី៧ហើយរបស់អ៊ីរ៉ង់ លើកប៉ាល់ពាណិជ្ជកម្ម គិតចាប់តាំងតែពីឆ្នាំ២០២១មក ។
ប៉ុន្តែហេតុការណ៍វាយប្រហារខាងលើ ពុំបានបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ហើយអគ្គីភ័យដែលបង្កឡើងគឺត្រូវបានពន្លត់ទៅវិញភ្លាមៗ។
យ៉ាងណាក្តី អ៊ីរ៉ង់បានចេញមុខច្រានចោល ការអះអាងរបស់ទីក្រុងវ៉ាស៉ីនតោនថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ដដែល អាមេរិកក៏បានរាយការណ៍ ពីករណីវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម២គ្រឿង នៅសមុទ្រក្រហម ធ្វើឡើងដោយយន្តហោះដ្រូន ។
ដែលបាញ់ចេញពីទឹកដីនៃប្រទេសយេម៉ែន ដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូទី ផងដែរ។
ក្រុមហ៊ូទីនេះ គឺជាសម្ព័ន្ធមិត្តមួយរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
ក្រុមហ៊ូទី បានបង្កការរំខានចំពោះ ការពាណិជ្ជកម្មតាមដែនសមុទ្ររបស់ពិភពលោក អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ តាមរយៈការវាយប្រហារលើកប៉ាល់នានា ។
ដែលបើកឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ដែលស្ថិតនៅចុងភាគខាងត្បូងនៃសមុទ្រក្រហម ដើម្បីឆ្លើយតបចំពោះការធ្វើសង្រ្គាមដ៏បង្ហូរឈាម របស់អ៊ីស្រាអែលនៅតំបន់ Gaza។
ចំណែក រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានរិះគន់ម្តងហើយម្តងទៀត ចំពោះសង្រ្គាមអ៉ីស្រាអែលផងដែរ៕