កម្ពុជា៖ ប្រកាសបន្ថយពន្ធគយលើទំនិញអាមេរិក និងស្នើចរចាលើការអនុវត្តពន្ធគយ!

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ចំនួន ១៩មុខ និងបានស្នើសុំភាគីអាមេរិកសម្រាប់ការចរចា ទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។
នេះបើយោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ..!។

ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី បានលើកឡើងថា ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាម៉េរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាម៉េរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។

សម្តេចធិបតី បន្តថា ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate)។

សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឱ្យប្រទេស និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មនេះ។

ជាមួយគ្នានោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើសារលិខិតជូនឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក មកលើទំនិញនាំចូលពីកម្ពុជា ដោយលោកជំទាវបានបន្ថែមថា កម្ពុជាសូមស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាលបរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ។
ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា លោកជំទាវ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជននៃប្រទេសទាំង២៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version