ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ!

(ភ្នំពេញ)៖ នៅព្រឹកទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស «មរតកតេជោ»ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ តម្លៃជិត៣៧លានដុល្លារ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បង្ហាញក្តីរីករាយបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ។

សម្តេចធិបតី បានថ្លែងថា អ្វីដែលធ្វើឱ្យមានមោទនភាពចំពោះសម្ពានអាកាសមរតកតេជោ គឺត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធ។

សម្តេចធិបតី បានថ្លែងថា សមត្ថភាពដែលមានចេរភាព គឺគ្មានអ្វីប្រសើរជាងការផ្ទេរសមត្ថភាពជំនាញពីអ្នកជំនាញបរទេស ឬការសិក្សារៀនសូត្រពីក្រៅប្រទេសរបស់កូនខ្មែរ ហើយកូនខ្មែរប្រើសមត្ថភាពក្នុងកិច្ចកសាងសមិទ្ធផលនានារបស់ជាតិ។

សម្តេចធិបតី បានថ្លែងថា ការអភិវឌ្ឍដោយប្រើកម្លាំងសមត្ថភាពរបស់កូនខ្មែរ គឺជាការអភិវឌ្ឍដែលធានាបាននូវចេរភាព។
សម្តេចធិបតី បានថ្លែងថា ការអួតគ្នារឿងតុបតែងលំអខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាការអួតដែលល្អប្រសើរ។

សម្តេចធិបតី បានថ្លែងថា សម្តេចមិនហាមពលរដ្ឋមិនឱ្យយកកូននោះឡើយ ហើយអ្វីដែលបារម្ភនោះ គឺខ្លាចអ្នករាជធានីភ្នំពេញលែងយកកូន។
សម្តេចធិបតី បានថ្លែងថា ក្រោយពីព្រលានយន្តហោះថ្មីធ្វើរួចរាល់ នឹងមានតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មកើតឡើងថែមទៀត ដែលនឹងធ្វើឱ្យមានកំណើនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។

សម្តេចធិបតី បានថ្លែងថា ការដឹកនាំមិនអាចហាមពលរដ្ឋមិនឱ្យទិញរថយន្ត ទិញម៉ូតូសម្រាប់ធ្វើដំណើរនោះទេ អ្វីដែលអាចធ្វើបាន គឺប្រឹងសង់ផ្លូវ ពង្រីកផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី បង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃក្រោយរាជធានីភ្នំពេញ នឹងផ្លូវក្រោមទឹក។
សម្តេចធិបតី បានថ្លែងថា សម្តេចមានមោទនភាពក្នុងរយៈពេលមុន និងក្រោយបោះឆ្នោត សម្តេចបានអញ្ជើញសម្ពោធ និងបើកការដ្ឋានសាងសង់សមិទ្ធផលចំនួន៥លើកហើយរួមមាន បើកការដ្ឋានសង់ផ្លូវ៥០ម៉ែត្រ ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅដង្កោ សាងសង់ស្ពានចាក់អង្រែក្រោម ទៅព្រែកប្រា បើកការដ្ឋានស្ពានអាកាសភ្លោះ សម្ពោធអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសម្ពោធស្ពានអាកាសមរតកតេជោ។

សម្តេចធិបតី បានថ្លែងថា គ្មានការដឹកនាំណាដែលគ្មានបញ្ហានោះទេ តែរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាដែលកើតមាន។
សម្តេចធិបតី បានថ្លែងថា នៅសិង្ហបុរី ដើម្បីទិញរថយន្តជិះបាន ត្រូវទិញអាជ្ញាបណ្ណជាមុនសិន។
សម្រាប់កម្ពុជា មិនមានផែនការកំណត់បែបនេះឡើយ មានតែសប្បាយនៅពេលពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះ។

សម្តេចធិបតី បានថ្លែងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំផ្លូវ ដើម្បីសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី បានថ្លែងថា ការធ្វើឱ្យបណ្តាញដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ អាចជោគជ័យទៅបាន គឺត្រូវរៀបចំការគ្របដណ្តប់ និងពង្រាយបណ្តាញធ្វើដំណើរឱ្យបានច្រើន។

សម្តេចធិបតី បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយ នៅពេលរាជធានី ខេត្តរៀបចំសួនសាធារណៈកាន់តែច្រើន ដើម្បីការលំហែរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី បានថ្លែងថា សម្តេចណែនាំឱ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើជាសួនសាធារណៈ។

សម្តេចធិបតី បានថ្លែងថា សម្តេចមិនខ្លាចនឹងអួតឡើយ ចំពោះសមិទ្ធផលកសាងដោយកូនខ្មែរ សមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ។

សម្តេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់។
សម្តេចធិបតី បានថ្លែងថា សមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ មិនត្រឹមតែជាការដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះប៉ុណ្ណោះទេ។
ប៉ុន្តែ ថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ។

សម្ដេចធិបតី ណែ​នាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានី-ខេត្ត និង ក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការ និង ពង្រឹងការអនុវត្តការងារ​បច្ចេក​ទេសក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ទាំងក្នុងវិស័យរដ្ឋ និង ក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយ បានជាអតិបរមានូវហានិភ័យ ដែល​អាច​កើតមានឡើង ដោយសារគ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្តាប្រទេសក្នុងតំបន់។

សម្តេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន​សុវត្ថិ​ភាព ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ។

បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើង ទាំងតាមសាលារៀន និង ក្នុងសហគមន៍ ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេស​ចរណ៍ជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការដូច​ភ្លៀ​ងរលឹមជាប់ជាប្រចាំ ជាពិសេសការបង្ក្រាបករណីក្មេងទំនើងត្រូវបន្ត​អនុវត្តដោយម៉ឺងម៉ាត់ មិនត្រូវបន្ធូរដៃឡើយ។

សម្តេចធិបតី បានថ្លែងកោតសរសើរ និងសម្តែងក្តី​ពេញចិត្តចំពោះយុវជន និងនិស្សិត ដែលបានចងក្រងគ្នាជាក្រុមជួយដល់​សំអាត​សំរាមតាមប្រឡាយទឹក ទន្លេ និងទីសាធារណៈនានា។
សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រយ័ត្នឱ្យបានខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសត្រូវបិទអគ្គិសនីមុនចេញពីផ្ទះ។
សម្តេចមហាបវរធិបតី បានអំពាវនាវដល់នគរបាលអគ្គិភ័យរាជធានី ខេត្ត ត្រៀមលក្ខណៈសម្បត្តិប្រតិបត្តិការក្នុងករណីមានគ្រោះអគ្គិភ័យ។

សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប។

សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីរក្សាបានសុខសន្តិភាព និងស្ថេរភាព។
សម្តេចធិបតី បានថ្លែងថា សម្តេចមិនបន្ទោសលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ចំពោះការរិះគន់សម្តេចរឿងដោះស្រាយបញ្ហាពន្ធជាមួយអាមេរិកនោះទេ ព្រោះពួកគាត់មិនធ្លាប់បានកាន់ការងារជានាយករដ្ឋមន្ត្រីសូម្បីមួយថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version