Update៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងពិភាក្សារឿងពន្ធគយជាមួយលោកត្រាំ!

លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងថា លោកមានគម្រោងទូរស័ព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការប្រកាសដំឡើងពន្ធដោយអាមេរិក។

ប្រភពពីសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ ២០២៥។

លោក Ishiba បានថ្លែងក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃសៅរ៍ថា លោកនឹងលើកឡើងពីទឡ្ហីករណ៍សមហេតុផល អំពីអត្ថប្រយោជន៍ដែលអាមេរិកទទួលបានពីប្រទេសជប៉ុន។ លោកបានបន្ថែមថាជប៉ុនក៏កំពុងពិចារណាលើការវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងអាមេរិកផងដែរ។
លោក Ishiba ក៏បានគូសបញ្ជាក់ថា ជប៉ុនមិនមានបំណងដាក់ពន្ធសងសឹកប្រឆាំងនឹងអាមេរិកទេ ដោយបញ្ជាក់យ៉ាងដូច្នេះថាយើងនឹងមិនប្រព្រឹត្តយុទ្ធសាស្ត្រយកចាញ់ឈ្នះគ្នាទៅវិញទៅមកនោះទេ។
គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសការដំឡើងពន្ធថ្មីកាលពីថ្ងៃពុធ ដោយដាក់ពន្ធមូលដ្ឋាន ១០ ភាគរយលើការនាំចូលពីដៃគូពាណិជ្ជកម្មទាំងអស់ និងអត្រាពន្ធខ្ពស់ជាងនេះលើទំនិញមួយចំនួន។ ជប៉ុនត្រូវបានគេដាក់ពន្ធរហូតដល់ ២៤ ភាគរយ ដែលខ្ពស់ជាងការរំពឹងទុក ដែលជាហេតុធ្វើឱ្យទីក្រុងតូក្យូ កំពុងជំរុញឱ្យមានការលើកលែងពន្ធនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version