កាលពីថ្ងៃសៅរ៍(ទី៥ ខែមេសា) ក្រៅពីការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅអាមេរិកផ្ទាល់ ប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅតាមទីក្រុងនានារបស់អឺរ៉ុបក៏មានសកម្មភាពតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងលោក ត្រាំ ព្រមទាំងទីប្រឹក្សាជំនិតរបស់លោក គឺមហាសេដ្ឋីអាមេរិក លោក Elon Musk បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ បានរងភាពរង្គោះរង្គើជាខ្លាំង ក្រោយលោក ត្រាំ ប្រកាសវិធានការយកពន្ធគយជាសកលដ៏ច្របូកច្របល់។
ប្រភពពីសារព័ត៌មាន Reuters។
មនុស្សរាប់រយនាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិករស់នៅក្រៅប្រទេសនិងគាំទ្រគណបក្សប្រជាធិបតេយ្យ បាននាំគ្នាប្រមូលផ្តុំនៅតាមទីក្រុងធំៗរបស់អឺរ៉ុប រួមមានដូចជា Frankfurt និងBerlin នៃប្រទេសអាល្លឺម៉ង់, Paris នៃប្រទេសបារាំង, London នៃចក្រភពអង់គ្លេស និង Lisbon នៃប្រទេសព័រទុយហ្កាល់នឹងនៅទីក្រុងផ្សេងៗទៀត។ ក្រុមអ្នកតវ៉ាបានទាមទារឱ្យ លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋចុះចេញពីតំណែងប្រឆាំងជនប្រើអំណាចផ្តាច់ការ គោរពនីតិរដ្ឋ ស្រោចស្រង់ប្រជាធិបតេយ្យឡើងវិញ និងបិទបញ្ចប់ភាពវឹកវរនៅអាមេរិក។ សម្រាប់នៅទីក្រុង Berlin រួមមានទាំងការតវ៉ានៅមុខហាងលក់រថយន្ត Tesla ហើយអ្នកតវ៉ាបានលើកបដារិះគន់ លោក Musk និងស្ថាប័នប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ដែលរូបលោកដឹកនាំ។
ចំណែកនៅអាមេរិកផ្ទាល់វិញ ប្រជាជនអាមេរិកខ្ទង់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងនិងរដ្ឋ ទូទាំងអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈវាគឺជាសកម្មភាពបាតុកម្មធំបំផុត គិតចាប់តាំងពីរូបលោក បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា។
ប្រជាជនអាមេរិកទាំងឡាយ ដែលមិនពេញចិត្តចំពោះ គោលនយោបាយរបស់ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រួមមានចាប់ពី ការជម្រុះបុគ្គលិករដ្ឋ និងការបង្រ្កាបជនអន្តោប្រវេសន៍ រហូតដល់ការថយចុះសិទ្ធិសេរីភាពពលរដ្ឋ និងរឿងពន្ធគយ បានប្រមូលផ្តុំគ្នាតវ៉ា នៅតាមទីក្រុងនិងរដ្ឋដូចជា Washingto, New York, Houston, Florida, Colorado និង Los Angeles ជាដើម ក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត៕