Update៖ អ៊ីស្រាអែល នឹងពង្រីកការវាយលុក នៅទូទាំងតំបន់ហ្គាហ្សា!

អ៊ីស្រាអែល គ្រោងពង្រីកការវាយលុកផ្នែកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីដណ្តើមបានច្រករបៀងថ្មីមួយ ។

ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីដណ្តើមកាន់កាប់ផ្នែកធំៗនៃដែនដីប៉ាឡេស្ទីន ដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាមមួយនេះ។

អ៊ីស្រាអែល បានប្រាប់អ្នកស្រុករាប់ម៉ឺននាក់របស់ទីក្រុង Khan Younis និងតំបន់ជុំវិញ នៅភាគខាងត្បូងតំបន់ហ្កាហ្សាឲ្យជម្លៀសចេញ ហើយបានចាប់ផ្តើមបើកការវាយប្រហារ បន្ទាប់ពីគ្រាប់រ៉ូកែតត្រូវបានបាញ់ចេញពីទីនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកស្រុកហ្កាហ្សា កាលពីថ្ងៃសៅរ៍ (ទី១២ ខែមេសា) រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានប្រាប់ថា៖ ឆាប់ៗនេះ ប្រតិបត្តិការរបស់ IDF (កងកម្លាំងការពារជាទិអ៊ីស្រាអែល) នឹងមានកាន់តែខ្លាំងឡើងៗ និងពង្រីកទៅកាន់តំបន់ផ្សេងទៀត នៅទូទាំងតំបន់ហ្កាហ្សា ហើយអ្នកនឹងត្រូវជម្លៀសចេញពីតំបន់ប្រយុទ្ធ។

សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា៖ឥឡូវនេះ IDF បានបញ្ចប់ការកាន់កាប់របស់ខ្លួនលើអ័ក្ស Morag ដែលជាកន្លែងឆ្លងកាត់តំបន់ហ្កាហ្សា រវាងទីក្រុង Rafah និង Khan Younis ដោយប្រែក្លាយតំបន់ទាំងមូល រវាងផ្លូវ Philadelpphi (តាមបណ្តោយព្រំដែនជាមួយអេហ្ស៊ីប) និង Morag ទៅជាផ្នែកនៃតំបន់សន្តិសុខអ៊ីស្រាអែល។
ឥឡូវនេះ គឺជាពេលវេលា ដើម្បីក្រោកឡើងកម្ចាត់ក្រុមហាម៉ាស និងឲ្យចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ត្រូវបានដោះលែង ពោលគឺនេះជាវិធីតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម។

លោក Katz បាននិយាយថា យោធាក៏កំពុងកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងហ្កាហ្សា ហើយតំបន់សន្តិសុខកំពុងត្រូវបានពង្រីក ក្នុងនោះរួមទាំងនៅច្រករបៀង Netzarim ផងដែរ។ ការប្រកាសរបស់លោកបានកើតឡើងនៅពេលដែលមន្ត្រីក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន AFP ថា ក្រុមនេះរំពឹងថា នឹងមានវឌ្ឍនភាពពិតប្រាកដឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាម មុនពេលមានការពិភាក្សាជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប នៅទីក្រុងគែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version