នៅថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់រដ្ឋធានីហាណូយនៃប្រទេសវៀតណាម ។
ដើម្បីបំពេញទស្សនកិច្ច នៅក្រៅប្រទេស ជាលើកដំបូងបង្អស់របស់លោក នៅក្នុងឆ្នាំ២០២៥។
ប្រភពពីសារព័ត៌មានAFP។
ក្នុងអត្ថបទចេញផ្សាយមួយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម លោក ស៊ី ជីនពីង អំពាវនាចង់ឱ្យទំនាក់ទំនង កាន់តែរឹងមាំជាមួយប្រទេសវៀតណាម ក្នុងវិស័យពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ចំពោះមុខផលប៉ះពាល់ដែលបង្កឡើង ដោយវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។
ខណៈមេដឹកនាំកំពូលវៀតណាម លោក To Lam បានបង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងវិស័យការទូត ការពារជាតិ សន្តិសុខ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Bui Thanh Son បានបង្ហើបឱ្យដឹងថា ប្រទេសជិតខាងទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសរុប ប្រហែល៤០កិច្ចព្រមព្រៀង ស្តីពីវិស័យផ្សេងៗ ប៉ុន្តែមិនបានផ្តល់ខ្លឹមសារលម្អិតជាងនេះ ទៀតនោះទេ។
គួរបញ្ជាក់ថា វាគឺជាទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី មកកាន់វៀតណាម គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។
លោក ស៊ី នឹងបំពេញទស្សនកិច្ចនៅវៀតណាម ដល់ថ្ងៃទី១៥ ខែមេសា ហើយនឹងបន្តដំណើរទៅធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី ពីថ្ងៃទី១៥ ដល់ទី១៧ និងចុងក្រោយនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ទី១៨៕