រុស្ស៊ី អះអាងថាខ្លួនបានប្រើមីស៊ីលវាយប្រហារលើកិច្ចប្រជុំរបស់មន្ត្រីយោធាអ៊ុយក្រែននៅទីក្រុង Sumy កាលពីថ្ងៃអាទិត្យ ទី១៣ ខែមេសា។ ប៉ុន្តែអ៊ុយក្រែនលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងsumy នេះបណ្តាលឲ្យជនស៊ីវិលចំនួន ៣៤នាក់ស្លាប់ និង១១៧នាក់ផ្សេងទៀតរងរបួស។
ប្រភពពីសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបាញ់មីស៊ីលយុទ្ធសាស្ត្រ Iskander-M ចំនួនពីរគ្រាប់» ទៅលើទីតាំងប្រជុំរបស់ក្រុមយុទ្ធសាស្ត្រប្រតិបត្តិការនៃកងកម្លាំងអ៊ុយក្រែន ដោយបានសម្លាប់ទាហានអ៊ុយក្រែនជាង៦០នាក់។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់ជនស៊ីវិលធ្វើជាខែល ដោយដាក់សម្ភារៈយោធានិងរៀបចំព្រឹត្តិការណ៍យោធានៅកណ្តាលទីក្រុងដែលមានមនុស្សរស់នៅច្រើន។
ផ្ទុយទៅវិញ ភាគីអ៊ុយក្រែនបានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើនក្នុងចំណោមជនស៊ីវិល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទាមទារឲ្យមានការឆ្លើយតបជាអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដោយហៅការវាយប្រហារនេះថាជាទង្វើរបស់មនុស្សព្រៃផ្សៃ។
មេដឹកនាំចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារនេះ៕