(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្ដខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តិទៅដោយរលូន និងមានប្រជាពលរដ្ឋយ៉ាងច្រើន ចូលរួមសប្បាយរីករាយជាមួយថ្នាក់ដឹកនាំខេត្ត, ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, និងកងកម្លាំង មន្រ្តីររាជការជុំវិញខេត្ត ក្រោមដំបូលសុខសន្ដិភាព។
សង្ក្រាន្តកំពង់ឆ្នាំង នៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករប្រមាណជាង៣៣ម៉ឺននាក់ ហើយបន្តសម្រុកបុកចូលមកលេងកាន់តែច្រើនឡើងៗ ជាមួយនឹងទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ចាវ រីករាយខ្លាំងណាស់ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង។
ចំពោះការរៀបចំសង្ក្រាន្តដ៍អស្ចារ្យនេះ ពិសេសគឺជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គ្រាន់តែថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋយើងប្រមាណជាង៣៣ម៉ឺននាក់ បានសម្រុកមកចូលរួមលេងកំសាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង និងកន្លែងដទៃទៀតដែលរដ្ឋបាលខេត្ត បានរៀបចំជាមួយថ្នាក់ដឹកនាំ រួមនឹងស្នូរសម្លេងភ្លេងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំរែកកំសាន្តយ៉ាងសប្បាយរីករាយ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅយ៉ាងរីករាយ ការលេងកំសាន្តល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរជាច្រើន និងការសំដែងផងដែរ ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ៕