ដកមុខតំណែងមន្ត្រីប៉ូលិស និងអនុវត្តច្បាប់លើលោកចៅសង្កាត់តាខ្មៅ ករណីចេញសំបុត្រកំណើតឱ្យជនជាតិវៀតណាម!

(ភ្នំពេញ)៖ នគរបាលចំនួន ៣រូប ត្រូវបានដកតំណែង បន្ថយពីរស័ក្តិ និងចៅសង្កាត់ ១រូប ត្រូវអនុវត្តផ្លូវច្បាប់ និងមន្តីនគរបាល ២រូបទៀត ត្រូវអប់រំវិន័យកងកម្លាំង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស”រំលោភអំណាច និង​ប្រព្រឹត្តអំពើពុករលួយ”។

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ អោយអនុវត្តវិន័យក្រោមរូបភាព៖
១៖ ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះ
ក៖ លោកអនុសេនីយ៍ឯក ហ៊ុន សុខម៉ុត អត្តលេខ ៧៤៥៤២ នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ខ​៖ លោកវរសេនីយ៍ត្រី ទឹម ពុទ្ធីរ៉ា អត្តលេខ ៦៥៤៨១ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

២៖ ដកបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះលោកអនុសេនីយ៍ឯក យិត ចាន់ដារ៉ា អត្តលេខ ៤០០២៨ មន្ត្រី នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

៣៖ អនុវត្តនីតិវិធីច្បាប់ទៅលើលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចេញសំបុត្របញ្ជាក់កំណើតឱ្យជនជាតិវៀតណាម ដែលជាជនបរទេសអន្តោប្រវេសន៍​។

៤៖ អប់រំ ព្រមានលើកទី១ ចំពោះលោកវរសេនីយ៍ត្រី ប៉ុក វិចិត្រ អត្តលេខ ៥៨៤៩៩ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលតាខ្មៅ និងលោកអនុសេនីយ៍ត្រី ជៀម សំរិតធី អត្តលេខ ៨៣៥០៦ មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version