លោកស្រីនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផែ ថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា។
ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាយើង។

នៅព្រលានយន្តហោះ លោកស្រីនាយករដ្ឋមន្រ្តីថៃ ត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

-យោងប្រកាសរបស់ក្រសួងការបរទេស អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។

នាយករដ្ឋមន្ត្រីថៃ នឹងជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version