Update៖ អ៊ីរ៉ង់និងបារាំង ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរ!

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែមេសា)ថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅកាន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាមួយនិងសញ្ញាពីបារាំងថា មហាអំណាចអឺរ៉ុប ក៏បានត្រៀមលក្ខណៈជាស្រេច សម្រាប់ការពិភាក្សាផងដែរ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ ២០២៥។

ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក ទីក្រុងតេហេរ៉ង់ និងមហាអំណាចអឺរ៉ុបទាំងបីដែលគេស្គាល់ថា E3 រួមមាន បារាំង អង់គ្លេស និង អាល្លឺម៉ង់ បានធ្វើការពិភាក្សាជាច្រើនលើករួចមកហើយ ជុំវិញទំនាក់ទំនងរបស់ពួកគេ និងបញ្ហានុយក្លេអ៊ែរ។ ក្នុងខែមីនា ឆ្នាំនេះ ការពិភាក្សាត្រូវបានធ្វើឡើងនៅកម្រិតបច្ចេកទេស ដោយសម្លឹងរកការព្រមព្រៀងនាពេលអនាគត ដើម្បីឱ្យកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រឡប់ក្រោយ ជាថ្នូរនឹងការដកទណ្ឌកម្ម។
លោក Araqchi បានសរសេរនៅលើបណ្តាញសង្គម X ថា ទំនាក់ទំនងរវាងអ៉ីរ៉ង់ជាមួយ E3 ជួបប្រទះនឹងភាពឡើងចុះ ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ បន្ទាប់ពីការពិគ្រោះថ្មីៗរបស់ខ្ញុំនៅទីក្រុងមូស្គូ និងប៉េកាំង ខ្ញុំបានត្រៀមខ្លួនជាស្រេច ក្នុងជំហានដំបូង ជាមួយនិងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស បែរឡាំង និងទីក្រុងឡុងដ៍។
បេីតាមក្រុមអ្នកការទូតអឺរ៉ុប ពួកគេកំពុងស្វែងរកកិច្ចប្រជុំថ្មីជាមួយអ៊ីរ៉ង់ បេីទោះបីជាវាលេចឡើងនៅពេលដែលទីក្រុងតេហេរ៉ង់ ចាប់ផ្តើមកិច្ចចរចាដោយប្រយោលស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយអាមេរិកក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version