Update៖ ក្នុងហេតុការណ៍ផ្ទុះរថយន្តមួយក្បែរទីក្រុងមូស្គូ ស្លាប់មន្ត្រីយោធារុស្ស៊ីម្នាក់!

កាលពីថ្ងៃសុក្រ(ទី២៥ ខែមេសា) មន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ម្នាក់ បានស្លាប់ក្នុងការបំផ្ទុះរថយន្តមួយនៅក្នុងទីក្រុង Balashikhaក្បែរទីក្រុងមូស្គូ ដែលជាការវាយប្រហារមួយត្រូវបានក្រុមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីចោទប្រកាន់ទៅលើអ៊ុយក្រែន។

ប្រភពពីសារព័ត៌មាន Reuters។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បានគូសបញ្ជាក់ថា មន្ត្រីដែលបានស្លាប់នោះ គឺលោក Yaroslav Moskalik អាយុ ៥៩ឆ្នាំ ជាប្រធាននាយកដ្ឋានប្រតិបត្តិការចម្បងនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ គណៈកម្មាធិការបានបញ្ជាក់ថា ការផ្ទុះនេះបណ្តាលមកពីឧបករណ៍បំផ្ទុះកែច្នៃ ហើយខ្លួនបានបើកសំណុំរឿងព្រហ្មទណ្ឌលើករណីនេះ។
តំណែងរបស់លោក Moskalik នេះ បានផ្តល់ឲ្យលោកនូវតួនាទីសំខាន់ក្នុងការរៀបចំផែនការប្រតិបត្តិការយោធារបស់រុស្ស៊ី រួមទាំងនៅអ៊ុយក្រែនផងដែរ។ ខណៈដែលសេចក្តីថ្លែងការណ៍ផ្លូវការមិនទាន់កំណត់អ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ក្រុមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបានចោទប្រកាន់យ៉ាងឆាប់រហ័សទៅលើអ៊ុយក្រែន។ កាសែត Kommersant បានរាយការណ៍ថា អាចមានមនុស្សម្នាក់ទៀតស្លាប់ក្នុងហេតុការណ៍នេះដែរ។
គួរបញ្ជាក់ថា ការស្លាប់នេះ គឺជាករណីចុងក្រោយបង្អស់នៃការធ្វើឃាតលើឥស្សរជនយោធារុស្ស៊ីលំដាប់ខ្ពស់ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ដែលកន្លងមកទីក្រុងមូស្គូតែងតែស្តីបន្ទោសទៅលើទីក្រុងកៀវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version