Update៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាឲ្យពន្លឿនការបំពាក់អាវុធនុយក្លេអ៊ែរ លើនាវាចម្បាំង!

នៅថ្ងៃពុធ(ទី៣០ ខែមេសា) ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNAនិយាយថា លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យយោធារបស់លោកបោះជំហានពន្លឿនការបំពាក់ អាវុធនុយក្លេអ៊ែរលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។

ប្រភពពីសារព័ត៌មាន AFP។

KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានចេញបញ្ជាបែបនេះបន្ទាប់ពីរូបលោកចុះត្រួតពិនិត្យមើលដោយផ្ទាល់ការធ្វើតេស្ដអាវុធសម្រាប់នាវាពិឃាដថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើង មានឈ្មោះថា Choe Hyon កាលពីពេលថ្មីៗនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បានរាយការណ៍ដែរពីការសម្ពោធដាក់ឱ្យប្រើនូវនាវាពិឃាដ Choe Hyon ជាមួយការបង្ហោះរូបភាពវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន រួមជាមួយកូនស្រីឈ្មោះ ជូអេ (Ju Ae) នៅឯពិធីសម្ពោធនោះ។
តាម KCNA នាវាពិឃាដនេះដែលយកឈ្មោះតាមអតីតវីរជនកូរ៉េខាងជើងប្រឆាំងអាណានិគមជប៉ុន Choe Hyon គឺជាប្រភេទនាវាពិឃាដមួយមានទម្ងន់ ៥០០០តោន ដែលត្រូវបានចំណាយ ពេលច្រើនជាង១ឆ្នាំដើម្បីសាងសង់។ ម្យ៉ាងវិញទៀត បើតាមទំហំ ក្រុមអ្នកជំនាញជឿថានាវាពិឃាដ Choe Hyon អាចបំពាក់នូវមីស៊ីលបាញ់ចេញពីនាវាប្រឆាំងគោលដៅនៅលើដីគោក និងអាចបាញ់ចេញពីនាវាប្រឆាំងនឹងគោលដៅលើអាកាស។ មិនតែប៉ុណ្ណោះ នាវាពិឃាដនេះក៏ទំនងជាអាចបំពាក់នូវមីស៊ីលនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លី៕

Leave a Reply

Your email address will not be published. Required fields are marked *