ប្រសាសន៍របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ!

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះកម្មករ និយោជិត និង និយោជក នៅទូទាំងប្រទេស ក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារៀងរាល់ឆ្នាំ, បងប្អូនមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ តែងតែបានជួបជុំគ្នា ដើម្បីអបអរសាទរទិវាពល កម្ម អន្តរជាតិនេះ ហើយការប្រារព្ធពិធីអបអរនៅទីនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយក៏ជាឱកាសដ៏ល្អ សម្រាប់ការមកចូលរួមជួបជុំរីករាយ និងការចូលរួមលើកទឹកចិត្តដល់បងប្អូនមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាអង្គភាពសហគ្រាស សាធារណៈមួយ ក្នុងចំណោមអង្គភាពទាំងឡាយ ដែលមានស្នាដៃខ្ពស់គួរឱ្យកោតសរសើរ ដោយបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយជោគជ័យជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយឡើងកាន់ ការ ងារជានាយករដ្ឋមន្ត្រី សម្តេចបានអញ្ជើញមកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនលើកហើយ ខណៈខេត្តព្រះសីហនុ គឺចំនួន៨លើក។ តាមរយៈដំណើរអញ្ជើញមកជាបន្តបន្ទាប់នេះ ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះកំពង់ផែ ក៏ដូចជាខេត្តជាប់សមុទ្រ ដែលជាខេត្តគោលដៅជំរុញកិច្ចអភិវឌ្ឍន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលខាងមុខដ៏ខ្លីនេះ សម្តេចនឹងអញ្ជើញសម្ពោធរោងចក្រទី២០០ នៅតំបន់សេដ្ឋកិច្ចមួយនៅខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះច្បាប់ការងារ ខុសពីរបបខ្មែរក្រហមគ្មានឡើយទិវាពលកម្មអន្តរជាតិ ១ ឧសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ជាពិសេស ក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក, កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និង សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីធានាបាននូវ ប្រសិទ្ធភាព និង ស្ថិរភាពលទ្ធផលអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឱ្យ ចំណូលកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដែលនេះ ជាការរួមចំណែកយ៉ាងសំខាន់ដល់ការ- អភិវឌ្ឍ និង កំណើនសេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនាអាណត្តិមុនៗ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នេះ, តែងតែបានណែនាំដល់ស្ថាប័នជំនាញ ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ ពលករគ្រប់ៗរូប ស្របតាមច្បាប់ស្ដីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីរបបសន្តិសុខ សង្គម, ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និង អនុសញ្ញាអន្តរជាតិខាងការងារនានា ជាពិសេស បានបង្កើតនូវយន្តការឆ្លើយតបទាន់ពេល ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់ សុវត្ថិភាពសង្គមជូនដល់កម្មករនិយោជិត និងយុវជន ដែលបានបាត់បង់ និង គ្មានការងារ ធ្វើតាមរយៈ មូលនិធិពិសេសផ្សេងៗជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញ ពាក់ព័ន្ធការជ្រើសរើសនាយកប្រតិបត្តិការទៅគ្រប់គ្រងសហគ្រាសរបស់រដ្ឋ។ សម្តេចបានបញ្ជាក់ថា តំណែងនេះ គឺរើសយកទាំងមន្ត្រី និងបុគ្គលមកពីវិស័យឯកជន ដែលមានសមត្ថភាពការងារច្បាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ តែងមានគេចង់បាន តែត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនតាំងពីពេលសម្តេចតេជោនៅដឹកនាំប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រឹងប្រែងក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយធ្វើឱ្យផែនេះមានសមត្ថភាព កាន់តែខ្ពស់សម្រាប់ការចេញចូលនាវាក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការមិនបើករបងដែក ឱ្យអ្នកទេសចរតាមនាវាចេញ-ចូល ព្រោះជាការគោរពតាមគោលការណ៍សុវត្ថិភាពពាក់ព័ន្ធច្បាប់គ្រប់គ្រងផែអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងគិតគូរកាត់នីតិវិធីផ្សេងៗ ដើម្បីឱ្យទាក់ទាញនាវាចូលមកផែស្វយ័តក្រុងព្រះសីហនុ កាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង ៤៣០ ម៉ែត្រ ជម្រៅទឹក -១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាជម្រៅទឹក១៦ម៉ែត្រ មាន ចំណុះផ្ទុក ១៦០.០០០DWT (ឬស្មើនឹង ១៥.

០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងពិភពលោក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់ ពុំមានឧបសគ្គជម្រៅទឹកទៀតឡើយ ហើយនឹងឱ្យសមត្ថភាពកំពង់ផែសរុប កើនដល់ប្រមាណ ២.៦៣៧.០០០ TEUs/ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍកំពង់ផែ ទាំង៣ជំហាន ចំណាយថវិកាប្រមាណ ៧០០លានដុល្លារអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានធ្វើជាដៃគូដ៏ល្អអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ជប៉ុន កុំឱ្យភ័យ ឬបារម្ភរឿងកម្ពុជា ឈប់ធ្វើជាដៃគូជាមួយលើការអភិវឌ្ឍផែ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ប្រទេសនៅលើ ពិភពលោកមិនអាចកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មនោះឡើយ។ គ្មានប្រទេសណាមួយ អាចផលិតបានគ្រប់បែបយ៉ាងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើពាណិជ្ជកម្មលើពិភពលោកមិនថយទេ ហើយការដឹកជញ្ជូនតាមផ្លូវទឹកមានរហូតដល់ ៧០ភាគរយ ដូច្នេះការវិនិយោគលើកំពង់ផែ គឺជារឿងចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយ ទៅបង្កើតលុយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាដាក់គោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តែបើដេកអេសពោះមិនអាចសម្រេចនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាភាពចាំបាច់ក្នុងការរក្សាភាពលូតលាស់ប្រទេសជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគ្គិសនីកម្ពុជា កំពុងវិនិយោគថវិកាប្រមាណ ៣០០លានដុល្លារ តភ្ជាប់អគ្គិសនីតាមបាតសមុទ្រពីកោះនានាទៅកាន់បណ្តាកោះផ្សេងៗ ក្នុងក៏មានកោះរ៉ុង ទៅកោះរ៉ុងសន្លឹមផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាធ្វើនវានុវត្តន៍ជាប់ជាប្រចាំនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឆ្លើយតបនឹងកំណើនពាណិជ្ជកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខេត្តព្រះសីហនុ ក្លាយជាខេត្តទី៥ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីក្បាលដី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចរចាពាណិជ្ជកម្មជាមួយអាមេរិក មិនងាយស្រួលនោះទេ។ បើទោះបីស្មុគស្មាញ និងលំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល បន្តបន្តប្រឹងប្រែងដើម្បីការពារអត្ថប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃស្អែកក្រុមការងាររបស់កម្ពុជា បន្តជួបជាមួយឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីជជែកលើការងារពន្ធជាមួយអាមេរិក។ បើតម្រូវឱ្យហោះទៅអាមេរិក គឺក្រុមការងារទៅភ្លាម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តនឹងក្រុមលោកស្រី មូរ សុខហួរ និងបក្សពួក ដែលនាំគ្នាទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឱ្យដាក់សម្ពាធពាណិជ្ជកម្មលើកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា កម្ពុជាកំពុងដោះស្រាយបញ្ហាជាមួយអាមេរិក តើសម ឬចាំបាច់ទេ ដែលទៅស្នើអឺរ៉ុបឱ្យដាក់សម្ពាធលើកម្ពុជា នាំការលំបាកដល់ពលរដ្ឋកម្ពុជា រួមទាំងអ្នកដែលគាំទ្រពួកគេផងនោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសកម្មភាពរបស់ អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសនេះ ជាសកម្មភាពដែលមិនបានជួយកម្ពុជា ហើយយកជើងរាទឹកថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋកត់សម្គាល់នូវទង្វើរបស់ក្រុមប្រឆាំង ដែលនាំការលំបាកសម្រាប់ជាតិ និងប្រជាជន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់ ដើម្បីកុំឱ្យមាននាំទំនិញមកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដទៃ ដើម្បីបានរួចពន្ធ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញទិន្នន័យដែលបានស្រាវជ្រាវថា ឆ្នាំ២០២៤ អាមេរិក មានឱនភាពពាណិជ្ជកម្ម (នាំចេញតិច នាំចូលច្រើន) ជាមួយប្រទេសជាង ១០០ប្រទេស។ ចិន អតិរេក ១៥០ប្រទេស នាំចេញចេញច្រើន នាំចូលតិច។ ចិន នាំចេញផលិតផលសំរេច និងវត្ថុធាតុដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អាមេរិកនាំចូលច្រើន ព្រោះអាមេរិក ចំណាយលើការទិញច្រើន ខណៈចិនផ្អែកលើការផលិត និងនាំចេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានចេតនាផ្តាច់ពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រឹងប្រែងក្នុងការកសាងប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈគោលនយោបាយនានា ដោយមិនរត់ចោលប្រជាពលរដ្ឋនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋរួមគ្នាការ ពារភាពសុខសាន្តរបស់ប្រទេស មិនត្រូវជឿតាមការញុះញង់ណាមួយទៅបំផ្លាញប្រទេសជាតិនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើមិនគិតពីសេចក្តីសុខរបស់អ្នកដទៃ ក៏គួរគិតពីសេចក្តីសុខរបស់ខ្លួន និងគ្រួសារ។ ដើម្បីរក្សាសេចក្តីសុខនេះ ត្រូវរក្សាឱ្យបានសុខសន្តិភាព និងការឯកភាពរបស់ជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពដៃជាគូរវាងកម្ពុជា និងជប៉ុន លើកិច្ចអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចធានាបានដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំកម្ពុជា។ បើបក្សដទៃដឹកនាំ សម្តេចមិនធានានោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនត្រូវការយកប្រទេសណាជាសត្រូវនោះទេ គឺជាមិត្តគ្រប់ប្រទេស។ កម្ពុជា មានពលរដ្ឋ១៧លាននាក់ តែអង្គុយជជែកស្មើមុខស្មើមាត់ជាមួយប្រទេសនានា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version