Update៖ អាជីវករដែលដឹកទំនិញពីថៃចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនជាំ ចេញមុខបញ្ជាក់ថា ពួកខ្លួនបង់លុយចូលរដ្ឋ!

(ឧត្ដរមានជ័យ)៖ បន្ទាប់ពី”ដើមរាំង”ចុះផ្សាយព័ត៌មានមួយដែលមានខ្លឹមសារថា”មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុងពួតដៃគ្នា កំណត់យកលុយពីរថយន្ត ដឹកទំនិញអីវ៉ាន់ចាប់ហួយ ពីប្រទេសថៃ ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែនរៀល”នោះមក.!!។

នៅថ្ងៃទី០១.០៥.២០២៥.បងប្អូនអាជីវករខាងលើ.បានចេញមុខអះអាងថា ពួកខ្លួនពិតជាបានបង់លុយក្នុងចំនួនបែបនេះប្រាកដមែន!។
ប៉ុន្តែ ពុំមែនបង់ចូលហោប៉ាវមន្ត្រីនោះឡើយ គឺបង់ពន្ធចូលរដ្ឋ.តាមរយៈការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិជាំ..!។

បើតាមអាជីវករ មូលហេតុដែលនាំឱ្យមានការយល់ច្រឡំបែបនេះ មកពី
ពួកខ្លួននិយាយដោយពុំបានគិត មិនដឹងថាខុសឬត្រូវ និងផ្ដល់បទសម្ភាសន៍ប្រាប់អ្នកកាសែតច្រឡំ ត្រង់ចំណុចលុយបង់ចូលរដ្ឋ បែរជាភាំងច្រឡំនិយាយថា លុយបង់ចូលហោប៉ាវមន្ត្រីទៅវិញ អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំនិងបងប្អូនសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន!។

គួរំលឹកថា កាលពីថ្ងៃទី០១.០២.២០២៥”ដើមរាំង”បានចេញផ្សាយព័ត៌មានមួយក្រោមចំណងជើងថា”អាជីវករថា ដឹកទំនិញ១ជើងៗបង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនជាំ អស់ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែនរៀល!”។

ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានដកស្រង់ប្រភពនិងការលើកឡើងពីអាជីវករ មកធ្វើជាមូលដ្ឋាន ខណៈពួកគាត់និយាយថា ខ្លួនដឹកទំនិញអីវ៉ាន់ចាប់ហួយពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ គឺបង់លុយអស់ ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែនរៀល។

លុះឥឡូវ អាជីវករ ចេញមកបញ្ជាក់ហើយ លុយនោះគឺបង់ចូលរដ្ឋ និងមានវិក្កយបត្រពីមន្ត្រីគយ ត្រឹមត្រូវ។
ជាមួយគ្នានេះ លោក ឆ ណាក់ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិជាំ ក៏បានថ្លែងស្រដៀងគ្នាដែរថា សមត្ថកិច្ចរបស់លោក ពិតជាបានប្រមូលពន្ធ ពីបងប្អូនអាជីវករ អ្នកដឹកទំនិញចេញចូល នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ប្រាកដមែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version