Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើទីក្រុងកំពង់ផែOdesa របស់អ៊ុយក្រែន ស្លាប់២នាក់ទៀត!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) ដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កជាអគ្គិភ័យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

ប្រភពពីសារព័ត៌មាន Reuters។

អភិបាលតំបន់ Odesa លោក Oleh Kiper បានសរសេរនៅលើ Telegram ថាការវាយប្រហាររបស់សត្រូវ បានបំផ្លាញអគារខ្ពស់ៗ ផ្ទះឯកជនផ្សារទំនើបសាលារៀននិងរថយន្ត។
លោកបានបន្ថែមថា អគ្គិភ័យបានឆាបឆេះនៅកន្លែងមួយចំនួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងពន្លត់។ វីដេអូដែលលោកបានបង្ហោះ បង្ហាញពីការខូចខាតយ៉ាងដំណំចំពោះអគារខ្ពស់ៗនិងកន្លែងផ្សេងទៀត។
ក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែន បានរាយការណ៍ថាការវាយប្រហារនេះក៏បានធ្វើឲ្យខូចខាតផ្លូវដែក បណ្តាញទំនាក់ទំនងនិងទូរថភ្លើងដឹកទំនិញចំនួនបីផងដែរ។
បុគ្គលិកកំពុងធ្វើការជួសជុល ហើយរថភ្លើងដឹកទំនិញកំពុងត្រូវបានបង្វែរតាមផ្លូវផ្សេង រថភ្លើងដឹកអ្នកដំណើរនៅតែដំណើរការធម្មតា។
ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកស្លាប់ម្នាក់ក្នុងហេតុការណ៍នេះ គឺជាបុគ្គលិកផ្លូវដែក ដែលស្លាប់នៅក្នុងផ្ទះរបស់គាត់។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ក្នុងអំឡុងពេលវាយប្រហារពេញមួយយប់ រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកចំនួន៥គ្រាប់និងដ្រូនវាយប្រហារចំនួន ១៧០គ្រឿង សំដៅលើអ៊ុយក្រែន។ កងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនបាន៧៤គ្រឿង ខណៈ៦៨គ្រឿងផ្សេងទៀត ទំនងជាមិនបានទៅដល់គោលដៅដោយសារវិធានការសង្គ្រាមអេឡិចត្រូនិក។
គេមិនទាន់ដឹងច្បាស់ពីជោគវាសនារបស់មីស៊ីលនិងដ្រូន២៨គ្រឿងដែលនៅសល់នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version