Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាការកម្ចាត់ក្រុមហាម៉ាស់ឱ្យអស់ គឺសំខាន់ជាងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងតំបន់ហ្គាហ្សា។

ថ្លែងក្នុងសុន្ទរកថា ចំថ្ងៃបុណ្យឯករាជ្យលើកទី៧៧ របស់អ៊ីស្រាអែល លោក Netanyahu បានមានប្រសាសន៍ថា យើងមានគោលដៅជាច្រើន យើងចង់នាំយកចំណាប់ខ្មាំងទាំងអស់មកវិញ វាជាគោលដៅសំខាន់ណាស់ ប៉ុន្តែសង្រ្គាមមានគោលបំណងកំពូល ហើយគោលបំណងដ៏កំពូលនេះគឺជ័យជម្នះលើសត្រូវរបស់យើង។

ការកត់សម្គាល់នេះ ខុសប្លែកពីសេចក្តីថ្លែងការណ៍មុនៗ ដែលលោកពណ៌នាថាការដោះលែងចំណាប់ខ្មាំងមានសារៈសំខាន់ស្មើនឹងការកម្ចាត់ហាម៉ាស់ ហើយវាកើតឡើងស្របពេលមានបាតុកម្មទាមទារឲ្យដោះលែងចំណាប់ខ្មាំង និងសម្ពាធពីដៃគូសម្ព័ន្ធមិត្តស្តាំនិយមឲ្យបន្តសង្គ្រាម។

ក្រុមគ្រួសសារចំណាប់ខ្មាំង និងគ្រួសារអ្នកបាត់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់លោក Netanyahu ថា កំពុងចូលដៃជាមួយសម្ព័ន្ធមិត្តស្តាំនិយមរបស់លោក ដែលតែងតែអះអាងថា ការដោះលែងចំណាប់ខ្មាំងមិនមែនជាគោលដៅសំខាន់បំផុតហើយជំរុញឲ្យកាន់កាប់ហ្គាហ្សាឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version