(ភ្នំពេញ)៖ រថយន្តម៉ាកព្រូសស្ថិតក្នុងល្បឿនលឿន តៃកុងបានបត់ត្រឡប់ក្រោយ យ៉ាងបង្ខំត្រូវរថយន្តព្រូស១គ្រឿងទៀត មកពីក្រោយក៏បុកពេញទំហឹង ខ្ទាតទៅលើសួនច្បារ បណ្តាលឱ្យខ្ទេចខ្ទីមួយកំណាត់ដូចគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែធ្នូ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកToyota Prius ផ្លាកលេខភ្នំពេញ 2BK-5807 បើកតាមផ្លូវជាតិលេខ៦ ពីលិចទៅកើតក្នុងល្បឿលឿន។
មកដល់កន្លែងខាងលើក៏បួងចង្កូតបត់ត្រឡប់ក្រោយយ៉ាងបង្ខំ។
ពេលនោះក៏មានរថយន្តToyota Prius១គ្រឿងទៀត ផ្លាកលេខភ្នំពេញ 2BS-6220 បើកមកពីក្រោយហ្រ្វាំងមិនទាន់ ក៏បុករថយន្តកំពុងបត់ពេញទំហឹង ខ្ទាតទៅលើសួនច្បារ ខូចខ្ទេចមួយកំណាត់យ៉ាងដំណំដូចគ្នា។តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះមកវាស់វែង ហើយយករថយន្តទាំង២គ្រឿងទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យភាគីទាំងសងខាងចូលដោះស្រាយពេលក្រោយ៕