(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ច ខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រដែលផ្អែកលើភស្តុតាង វិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេលការធ្វើរោគវិនិច្ឆ័យការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធនិង ប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែល មាន ស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គមសេដ្ឋកិច្ចនិងប្រព័ន្ធសុខា
ភិបាលរបស់ប្រទេស។
ក្រសួងសុខាភិបាល បានគូសរំលេចថា គោលបំណងចម្បង នៃផែនការនេះគឺដើម្បីកាត់បន្ថយ អត្រាកើតជំងឺមហារីក និងអត្រាមរណភាពដោយសារជំងឺមហារីកព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់អ្នកជំងឺមហារីក តាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយនិងមានការ សម្របសម្រួលគ្នាដែលចូលរួមចំណែកលើកកម្ពស់សុខភាព និង សុខុមាលភាពជាទូទៅរបស់ប្រជាជន។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក បានកំណត់នូវចក្ខុវិស័យ គោលបំណងគោលដៅយុទ្ធសាស្ត្រនិងសកម្មភាពយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺមហារីកដោយមានចំណុចដៅនិងសូចនាករច្បាស់លាស់សម្រាប់ការពិនិត្យតាមដាននិងវាយតម្លៃ។
ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់ ជារៀង រាល់ ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយ តាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។
ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រីជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូនថ្លើមពោះវៀន ធំ និងសួត។
ក្នុងបុព្វកថានៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងបានចាត់ទុកវិស័យសុខាភិបាលនិងសុខុមាល ភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុត។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថាជំងឺមហារីកគឺជាជំងឺ មួយ ក្នុងចំណោមជំងឺមិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវ វិធានការជាច្រើនដើម្បីបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាងនេះក្តីជំងឺមហារីកនៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាពសា ធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារសហគមន៍និងសង្គមជាតិទាំងមូលដោយជំងឺនេះបានបង្អាក់សកម្ម ភាពប្រចាំថ្ងៃបន្ថយផលិតភាពនិងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជនសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០ ៣០» ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាច បង្ការបាននិងកាត់បន្ថយអត្រាមរណភាពមុនអាយុរំពឹងរស់ដោយសារជំងឺនេះព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់ អ្នកជំងឺ និងក្រុមគ្រួសារ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភាពជោគជ័យនៃការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះនឹងមិនត្រឹមតែអាចកាត់បន្ថយជំងឺមហារីកប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមចំណែកពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាលនៅប្រទេសកម្ពុជាឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាផែនការជាតិនេះនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កៀរគរធនធាននិងការប្តេជ្ញាចិត្តយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាឱ្យការអនុវត្តទទួលបានជោគជ័យ៕