(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀងនិងទឹកកខ្វក់ដែលក្នុងនោះមានការងារសាងសង់ធំៗចំនួន២ រួមមាន៖
១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងនោះរួមមាន៖ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តាមវិធីសាស្ត្រអាងចម្រុះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ ហិក តា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រ គូប ក្នុងមួយថ្ងៃ,ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និង បណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សីស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ ហិកតា ក្នុងក្រុងតាខ្មៅ។
២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាងសង់បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់និងលូមូលតាម បណ្ដោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅប្រវែង៥គីឡូម៉ែត្រនិងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង២កន្លែង ព្រមទាំងបណ្ដាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។
គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការនិងថែទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាពមន្ត្រីបុគ្គលិក អង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។
គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហ អាជីវ កម្ម KUMHO-TECHCROSSនិងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុម ហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ចសន្យាសរុបជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគ របស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗនិងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។
ក្រោយពីបញ្ចប់ការសាងសង់សមិទ្ធផលទាំងនេះ នឹងចូលរួម ចំណែកក្នុងការលើកកម្ពស់សុខុមាលភាពនិងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ៕