(ព្រះវិហារ)៖ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ អានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា បានបើកដំណើរឱ្យប្រជាពលរដ្ឋឆ្លងកាត់ និងដោះដូរទំនិញជាធម្មតា។
លោក នាញ់ បូណេត ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហា បានឱ្យដឹងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថាច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរការឱ្យប្រជាពលរដ្ឋ នៃប្រទេសទាំង២ បានធ្វើដំណើរឆ្លងកាត់ និងដោះដូរមុខទំនិញគ្នាទៅវិញទៅមកជាធម្មតា ដោយពុំមានបញ្ហាអ្វីនោះទេ។
លោកបន្តថា ច្រកទ្វារព្រំដែនអានសេះ បើកដំណើរការដោះដូរទំនិញគ្នាមានរយះពេល២ថ្ងៃក្នុង ១សប្តាហ៍ គីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ហើយការផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចនេះ គឺប្រជាពលរដ្ឋកម្ពុជានាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឱ្យភាគីថៃមានដូចជា ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅដោយឡែកភាគីថៃ មានលក់ទឹកសុទ្ធ ដួងមាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។
សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ត្រូវបានថៃ បិទជាឯកតោភាគីនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការតវ៉ាពីប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ ភាគីថៃបានសម្រេចបើកច្រកទ្វារព្រំដែនអានសេះវិញ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥៕