(ភ្នំពេញ)៖ កាលពីព្រឹកទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។
វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល១១១ឆ្នាំមកហើយ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការ បណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។
ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំ គឺជាអង្គភាពមួយក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំ នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
វិទ្យាស្ថាននេះត្រូវបាន ផ្លាស់ប្ដូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយរបស់កម្ពុជា។
នៅឆ្នាំ២០០៤ រាជរដ្ឋាភិបាល បានសម្រេចប្រែក្លាយសាលាបណ្តុះបណ្តាលគ្រូនេះទៅវិទ្យាស្ថានជាតិអប់រំមានឋានៈស្មើអគ្គនាយកដ្ឋាន និងមានបេសកកម្ម បណ្តុះបណ្តាលជាច្រើនកម្មវិធី រួមមាន៖
១. បណ្តុះបណ្តាល គ្រូបង្រៀនកម្រិតឧត្តមតាមរូបមន្ត (បរិញ្ញាបត្រ ១ និងបរិញ្ញាបត្រ+២។
២. បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំងតាមរូបមន្ត (១២+២។
៣. បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ។
៤. បណ្តុះបណ្តាលថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងបណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន។
៥. បណ្តុះបណ្តាលអធិការកិច្ចអប់រំ,។
៦. បណ្តុះបណ្តាលវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ។
៧. បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រឹក្សាគរុកោសល្យ ។
និង៨. បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិធីសាស្ត្របង្រៀនភាសាបារាំង។
នៅឆ្នាំ២០២២ វិទ្យាស្ថានជាតិអប់រំបានប្រែក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញចែកចេញជាបួនអង្គភាព ឋានៈស្មើនាយកដ្ឋាន រួមមាន៖ មហាវិទ្យាល័យគរុកោសល្យ សាលាក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលស្រាវជ្រាវអប់រំ និងនវានុវត្តន៍ និងអង្គភាពកិច្ចការទូទៅ និងចែកចេញជា ១៤ការិយាល័យ/ដេប៉ាតឺម៉ង់។
នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា (២០១៨-២០២៣) ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់អាទិភាពលើកំណែទម្រង់គ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។
ក្រសួងបានបង្កើតគណៈកម្មាធិការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្នែករឹង និងកម្មវិធីសិក្សា។ មកទល់បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំបានប្រែប្រួលមុខមាត់យ៉ាងខ្លាំង។ នាពេលអនាគត វិទ្យាស្ថានក៏មានសក្តានុពល ក្នុងការក្លាយខ្លួនទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ។
វិទ្យាស្ថានជាតិអប់រំមានចក្ខុវិស័យជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការអប់រំគ្រូបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈ និងការស្រាវជ្រាវ។
នៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិអប់រំទាំងមូល ដែលមានផ្ទៃក្រឡាសរុប ២៧,១៩៨ម៉ែត្រក្រឡា ទទួលបានការកែលម្អទាំងស្រុងទាំងក្នុង និងក្រៅបរិវេណ ដូចខាងក្រោម៖
ទី១ ការសាងសង់អគារសិក្សាមហាវិទ្យាល័យគរុកោសល្យមួយខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
អគារសិក្សានេះរួមមាន បន្ទប់សិក្សា៣៦, បន្ទប់ ពិសោធន៍វិទ្យាសាស្ត្រ ៤ បន្ទប់កុំព្យូទ័រ ២ មានកុំព្យូរទ័រ៦០គ្រឿង, មជ្ឈមណ្ឌលសិក្សា អេឡិចត្រូនិក, បន្ទប់សាស្ត្រាចារ្យ, បន្ទប់គណៈគ្រប់គ្រងមហាវិទ្យាល័យគរុកោសល្យ និងដេប៉ាតឺម៉ង់ទាំង៣, បណ្ណាគារ, គរុកាហ្វេ, និងអាហារដ្ឋាន។
គ្រប់បន្ទប់រៀនទាំង អស់ត្រូវបានបំពាក់សម្ភារៈថ្នាក់រៀនវៃឆ្លាត និងឧបករណ៍បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលសតវត្សរ៍ទី២១។ អគារនេះមានចំណតរថយន្តក្រោមដីមួយជាន់។ អគារសិក្សានេះដើរតួនាទីស្នូល ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្របូក ២ (BA+2)។
ទី២ ការសាងសង់បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មួយខ្នង មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានរចនាឡើង ដោយឈរលើទស្សនាទានបីរួមគ្នាគឺ អប់រំ វប្បធម៌ និងសាសនា។
អគារនេះមានទម្រង់ ជាអក្សរ រ នៅពីលើអក្សរ អ ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាងឱ្យព្រះពុទ្ធសាសនា។
បណ្ណាល័យបានប្រមូលផ្តុំឯកសារ ស្តីពីការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូរនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី បណ្ណាល័យមានបំពាក់សៀវភៅពាក់ព័ន្ធនឹងការអប់រំជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា
និងធ្វើការជាក្រុម បន្ទប់ស្ទីឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់ កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់ រក្សាឯកសារក្រោមដី បន្ទប់ថែទាំទារកសម្រាប់ស្ត្រីមានកូនតូច។ បណ្ណាល័យនេះ នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំ សតវត្សទី២១ ដំបូងបង្អស់នៅកម្ពុជា។
ទី៣ ជួសជុលអគារបេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន ១៦ ដែលរួមទាំងអគារសិក្សានៃវិទ្យាល័យអនុវត្ត និងបឋមសិក្សាអនុវត្តផងដែរ។
អគារបេតិកភណ្ឌ ដែលមានអាយុកាលជាង១០០ឆ្នាំ ត្រូវបានស្ដារ និងជួសជុលឡើងវិញ តាមរចនាបថ ដើមទាំងស្រុង។
ទី៤ សាងសង់ខ្លោងទ្វារ របងព័ទ្ធជុំវិញប្រវែង ៦៤២ម៉ែត្រ និងខឿនព័ទ្ធជុំវិញទំហំ ២,៥០០ម៉ែត្រការ៉េ ដោយរក្សារចនាបទដើម និងដើមឈើទាំងអស់នៅលើខឿន។
ទី៥ រៀបចំសួនច្បារ ទីលានកីឡា ចំណតយានជំនិះ អាហារដ្ឋាន ប្រព័ន្ធផ្លូវ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការរៀន និងបង្រៀនក្នុងបរិបទឌីជីថល។
ទី៦ បំពាក់សម្ភារពិសោធន៍មុខវិជ្ជាវិទ្យាសាស្ត្រ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីនិង បរិស្ថានវិទ្យា នៅក្នុងបន្ទប់ពិសោធន៍ រៀបចំបន្ទប់កុំព្យូរទ័រចំនួន ៤បន្ទប់ និងកុំព្យូទ័រ ១២០គ្រឿង បំពាក់ម៉ាស៊ីនមេ Server មួយឈុតសម្រាប់រក្សាទិន្នន័យរបស់វិទ្យាស្ថាន និងសម្រាប់ការគ្រប់គ្រងវិទ្យាស្ថានតាមបែបឌីជីថល ផ្តល់កុំព្យូរទ័រយួរដៃមួយគ្រឿងជូនដល់គ្រប់គ្រូឧទ្ទេស និងបុគ្គលិក និងទិញសៀវភៅសម្រាប់តម្កល់នៅក្នុងបណ្ណាល័យ។
គិតមកត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ នេះ វិទ្យាស្ថានជាតិអប់រំ បានបញ្ចប់ការបណ្តុះបណ្តាលគរុនិស្សិតកម្រិតឧត្តម តាមរូបមន្តបរិញ្ញាបត្រ បូក១ និងបរិញ្ញាបត្របូក២ បានប្រមាណ ២៥,០២១នាក់ ដែលក្នុងនោះស្រី ៨០៥៩ នាក់។
នៅថ្ងៃនេះ និស្សិត និងគរុនិស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន សរុប ២៧៥នាក់ ស្រី១១៩នាក់។
ក្នុងនោះ និស្សិតបណ្ឌិត ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១ ចំនួន ៤នាក់, និស្សិតឯកទេសអធិការកិច្ចអប់រំជំនាន់ទី៧ ចំនួន១៩នាក់, និស្សិតបរិញ្ញាបត្រ ជាន់ខ្ពស់អប់រំ ឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ជំនាន់ទី៦ ចំនួន១៥នាក់ ជំនាន់ទី៧ ចំនួន១៦នាក់, និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១០ ចំនួន៣៤នាក់ ជំនាន់ទី១១ ចំនួន៤២នាក់, និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសវិធីសាស្ត បង្រៀនភាសាបារាំង ជំនាន់ទី៣ ចំនួន១៤នាក់ ជំនាន់ទី៤ ចំនួន៩នាក់, និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ឯកទេសប្រឹក្សាគរុកោសល្យជំនាន់ទី៤ ចំនួន២៤នាក់ និងគរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្រ+២ ជំនាន់ទី១ ចំនួន៩៨នាក់។
សមិទ្ធផលទាំងអស់ដូចបានរៀបរាប់ខាងលើ បានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង ប្រកបដោយផ្លែផ្ការបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើវិស័យអប់រំ និងចាត់ទុក វិស័យអប់រំជាយុទ្ធសាស្ត្រដើម្បីកំណើនសេដ្ឋកិច្ច៕