(ភ្នំពេញ)៖ ក្រុមឈ្មួញកំពុងសប្បាយនឹងការប្រមូលលុយ ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការបើកល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ដោយខុសច្បាប់ និងការដាក់ទីតាំង ដើម្បីឱ្យភ្នាក់ងាររបស់ពួកគេឈរជើង ចាំកត់ឆ្នោតកន្ទុយលេខវៀតណាម ដោយខុសច្បាប់.និងមានទទួលចាក់លុយធំៗទាំងវេនថ្ងៃ និងវេនយប់…!។
ស្របពេលដែល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បង្កជាលក្ខណៈងាយស្រួល សម្រាប់បទល្មើសល្បែងស៊ីសងទាំងនោះ អាចប្រព្រឹត្តទៅយ៉ាងរលូនរាល់ថ្ងៃ….!។
ករណីនេះលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ថ្លែងថានឹងចុះស្រាវជ្រាវ! ។ជាក់ស្ដែងៈ ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ដុះស្លែ១កន្លែង នៅ”បុរីឈូកមាស”ផ្លូវCនឹងផ្លូវD ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទទួលចាក់លុយធំ ទាំងវេនថ្ងៃនិងវេនយប់..!។
ដោយឡែក ទីតាំងល្បែងស៊ីសង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ ដុះស្លែមួយកន្លែងទៀត ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យសែនសុខ ប្រហែល២០ម៉ែត្រ តាមបណ្ដោយផ្លូវ១០១១ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏កំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេងដូចគ្នា..!។
សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់«ដើមរាំង»ថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាមដុះស្លែ ត្រង់ចំណុចខាងលើ រួមនិងទីតាំងល្បែង”អនឡាញ”នៅផ្លូវ១០១១ ខាងក្រោយមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បានបើកអាជីកម្ម លេងល្បែងស៊ីសង ខ្នាតធំដោយខុសច្បាប់ ជាយូរឆ្នាំមកហើយ
រាល់ថ្ងៃតែម្ដង តាំងពីព្រលឹមទល់ព្រលប់ គេមិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាប ឬហាមឃាត់នោះឡើយ។
បើទោះបីជាសកម្មភាពទាំងនេះ កំពុងកើតមានយ៉ាងពេញបន្ទុក ទាំងកណ្ដាលថ្ងៃក៏ដោយ!។
ម្យ៉ាងវិញទៀត សម្រាប់អ្នកភ្នាល់ល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ឈ្នះ ឬចាក់ឆ្នោតត្រូវវិញ! ។
គឺពួកគេសប្បាយហ៊ោ កញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ…!។
រីឯអ្នកភ្នាល់ល្បែង”អនឡាញ”ចាញ់ ក៏ដូចជាអ្នកផ្សងសំណាង តាមរយៈការ “ដេកសុបិនយកមកកាត់សព្វ”ចាក់ឆ្នោតកន្ទុយលេខវៀតណាម ខុសជាបន្តបន្ទាប់ច្រើនថ្ងៃជាប់គ្នាវិញ..!។
កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋដែលមានប្ដីឬប្រពន្ធជាអ្នកវក់វី ងប់នឹងល្បែងស៊ីសង សូមស្នើដល់លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ជាពិសេសលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ។
មេត្តាចាត់កម្លាំងចុះបង្ក្រាបល្បែង”អនឡាញ”និងឆ្នោតកន្ទុយលេខវៀតណាមនានា ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ក៏ដូចជាល្បែងស៊ីសងទាំង២ទីតាំងខាងលើ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព!។ទាក់ទិននិងករណីនេះ នៅព្រឹកទី១៣.១១.២០២៣ លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានថ្លែងប្រាប់«ដើមរាំង»ថា លោកពុំទាន់ដឹងទេចំពោះរឿងនេះ ហើយលោកនឹងឱ្យកម្លាំងជំនាញចុះសួរនាំនិងស្រាវជ្រាវ..!។
ទោះជាយ៉ាងណាក្ដីៈ ពលរដ្ឋបាននិយាយថាៈ ល្បែងអនឡាញ បញ្ជល់មាន់ទូរទស្សន៍ រួមនិងល្បែងឆ្នោតកន្ទុយលេខវៀតណាម ទាំងនោះ មិនអាចរំលងភ្នែកសមត្ថកិច្ចបានទេ..!។
ពោលគឺ ចង់នរណាធ្វើអ្វីក៏សមត្ថកិច្ចមូលដ្ឋានដឹងដែរ ហើយបើសមត្ថកិច្ច មានចេតនា ចង់បង្ក្រាបឬទប់ស្កាត់នោះ មិនពិបាក ហើយក៏មិនស្មុគស្មាញអ្វីឡើយ៕