អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៥ខែឧសភា)ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានបោកបក់នៅភាគឦសាននិងភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍បានកើនឡើងដល់19នាក់និងជាង90នាក់បានរងរបួស។
ប្រភពពីសារព័ត៌មានAljazeera។
ភ្លៀងធ្លាក់យ៉ាងគំហុក អមដោយខ្យល់បក់បោកខ្លាំងនិងរន្ទះបានវាយប្រហារខេត្តភាគឦសាននៃរដ្ឋPunjabនិងខេត្ត Khyber Phaktunkhwa (KP) ភាគពាយ័ព្យបណ្តាលឲ្យផ្ទះសម្បែងរលំបាក់ដាច់ចរន្តអគ្គិសនីនិងជន់លិចតំបន់ទំនាប។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (PDMA) បានឱ្យដឹងថាការស្លាប់ទាំង19 នាក់ត្រូវបានរាយការណ៍ពីរដ្ឋ Punjab ។
អ្នកស្លាប់ភាគច្រើនត្រូវបានរាយការណ៍ពីទីរួមខេត្ត Lahore និងនៅក្នុងស្រុក Jehlum, Sialkot និង Muzaffaragarh ។
នៅ KP ភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ព្យុះបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនិងដំណាំឈរជើងក្រៅពីដើមឈើរលំ បង្គោលភ្លើងនិងផ្ទាំងប៉ាណូ។
ផ្ទះជាច្រើនខ្នងដែលសាងសង់ពីដីភក់ចាស់ៗទ្រុឌទ្រោមក៏បានរងការខូចខាតដោយភ្លៀងនិងខ្យល់ព្យុះផងដែរ។
ទោះ បីជាយ៉ាងណាមិនមានអ្នករងគ្រោះត្រូវបានរាយការណ៍នៅក្នុងខេត្តនេះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ អាជ្ញាធរអាកាសធាតុបានចេញការព្រមានអំពីខ្យល់បក់ខ្លាំង ព្យុះធូលី និងលទ្ធភាពនៃភ្លៀងនៅក្នុងផ្នែកខ្លះនៃរដ្ឋ Punjab និង KP៕