មន្រ្តីទាហានម្នាក់បានស្លាប់ ក្នុងករណីប៉ះទង្គិចគ្នាជាមួយកងទ័ពថៃនៅព្រំដែន!

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពជើងគោកកម្ពុជាម្នាក់បានស្លាប់ ដោយសារកងទ័ពថៃបានវាយប្រហារមុនមកលើលេណដ្ឋាន។
នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ។

-សេចក្តីប្រកាស បានលើកឡើងយ៉ាងដូច្នេះថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។ ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។

កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។ ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version