ថ្ងៃនេះមេទ័ពកម្ពុជា-ថៃ ជួបចរចាគ្នាដោយផ្ទាល់ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់!

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ តាមការគ្រោងទុកមេទ័ពជើងគោកកម្ពុជាលោក ម៉ៅ សុផាន់ នឹងជួបចរចាគ្នាដោយផ្ទាល់ជាមួយមេទ័ពជើងគោកថៃ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកដែលបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។

សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដាក់ក្ដីសង្ឃឹមថាជំនួបចរចានេះ នឹងមានលទ្ធផលល្អ ស្ថានការណ៍កងទ័ពនឹងថមថយកម្ដៅ មានទំនាក់ទំនងល្អដូចមុន។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន ម៉ាណែត ដាក់ក្ដីសង្ឃឹមនៅមុនការចរចាដូច្នេះ៖«ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។»។

ម្សិលមិញក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែឧសភា មានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជាកើតឡើងនៅនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមក្រសួងការពារជាតិ គឺ កងទ័ពថៃ ជាអ្នកបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រោន បាត់បង់ជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version