សម្តេចតេជោ រំលឹកថាកាលពីឆ្នាំ១៩៨៧ រដ្ឋាភិបាលពេលនោះបានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះចំនួន៤!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថាកាលពីឆ្នាំ១៩៨៧ រដ្ឋាភិបាលពេលនោះបានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះចំនួន៤ រួមមាន ផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្ននេះអាទិភាពទាំង៤ នៅតែរក្សាដដែល ប៉ុន្តែនីតិកាលទី៧នេះ បានដាក់បន្ថែមអាទិភាពមួយទៀតគឺបច្ចេកវិទ្យា។

ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យកសិកម្មបែបទូលាយ គឺជាការធ្វើកសិកម្មបែបប្រពៃណី ពោលគឺបើ ១គ្រួសារមានប្រជាជន ៥នាក់ នោះគេត្រូវមានដី ១ហិកតា។ បើចំនួនគ្រួសារនោះកើនឡើងដល់ ១០នាក់ នោះគេត្រូវមានដី ២ហិកតា។ ដូច្នេះបើស្ថានភាពបែបនេះនៅតែបន្ត នោះវានឹងនាំឱ្យមានការខ្ជះខ្ជាយកម្លាំងពលកម្ម ហើយនឹងនាំទៅដល់ការរុករានកាប់ព្រៃឈើដើម្បីធ្វើស្រែធ្វើចម្ការកាន់តែច្រើន។ សម្ដេចតេជោបានបន្តថា ដោយមើលឃើញស្ថានភាពបែបនេះ រដ្ឋាភិបាលបានពង្រីកសមត្ថភាពចិញ្ចឹមប្រជាជននៅលើផ្ទៃដីដែលមានស្រាប់ ដែលមានន័យថា រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាទឹកដើម្បីបង្កើនរដូវដាំដុះ ព្រមទាំងធ្វើប្រពលវប្បកម្មដើម្បីបង្កើនទិន្នផល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមទៀតថា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មបែបស៊ីជម្រៅវិញ គឺគេត្រូវដោះស្រាយទឹកដើម្បីបង្កើនរដូវដាំដុះឲ្យបានម្ដងទៅពីរដង ឬបីដង ដើម្បីបង្កើនទិន្នផល។ សម្តេចតេជោបានបន្ថែមថា អត្រាចូលរួមចំណែករបស់វិស័យកសិកម្មនៅក្នុងសេដ្ឋកិច្ចជាតិឆ្នាំ២០០២ មានដល់ជាង ៨០% ដែលកាលនោះប្រជាជនខ្វះអង្ករសម្រាប់ហូបប្រចាំថ្ងៃ ប៉ុន្តែបច្ចុប្បន្នអត្រារួមចំណែកនេះមានត្រឹម ១៦% បែរជាយើងមានអតិរេកស្រូវជិត ៧លានតោន សើ្មនឹងអង្ករជាង ៤លានតោន សម្រាប់ការនាំចេញ ជាមួយនឹងកសិផលដទៃទៀត ដូចជា ស្វាយចន្ទី កៅស៊ូ ឬផលិតផលដទៃទៀតដែលយើងអាចនាំចេញបាន។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ត្រូវចងចាំ កុំឃើញថាអត្រាកសិកម្ម ដែលគិតជាភាគរយថយចុះ ប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុប ហើយចាត់ទុកថាប្រទេសនោះចុះខ្សោយ។ ត្រូវមើលប្រទេសដែលជឿនលឿន ដូចជាជប៉ុន អាម៉េរិក និងបារាំង ដែលការចូលរួមរបស់វិស័យកសិកម្មមានប្រមាណតែ ១% ប៉ុណ្ណោះ ប៉ុន្តែ ១% របស់គេ អាចចិញ្ចឹមប្រជាជនខ្លួនឯងបានផង និងអាចនាំចេញមកក្រៅប្រទេសទៀតផង។ នៅពេលដែលវិស័យឧស្សាហកម្មនិងសេវាកម្មបានរីកធំ នោះវិស័យកសិកម្មនឹងរួមតូច តែមិនមានន័យថាវិស័យនេះថយចុះទិន្នផលនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *