អ្នកនាំពាក្យស្នងរាជធានីភ្នំពេញ អះអាងថាការចាប់ខ្លួនលោក ឌឹម គៀង សមាជិកបណ្តោះអាសន្នគណបក្សកម្លាំងជាតិគឺមិនពាក់ព័ន្ធនិងនយោបាយឡើយ!

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០នាទីព្រឹក សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតប្រមូល បានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២២៥ អ.យ.ន ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ របស់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឹម គៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ សមាជិកក្រុមការងារបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ នៅចំណុចភូមិអណ្តូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម រួចបន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។

សូមបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលចុះផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចល ដល់សណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម ។

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *