នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ស៊ាម ហ៊!

(តាកែវ)៖ កាលពីថ្ងៃអង្គារ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរង កងទ័ពជើងគោក បានទទួលមរណភាពនៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១:១០នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរបួសចាស់ស៊ើរើ ។
សពឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ខាងត្បូងផ្សារសំរោងយោង ផ្លូវជាតិលេខ២ ភូមិ ស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនាឱកាសនេះ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ លោកជំទាវ អោម គឹមលី ព្រមទាំងក្រុមគ្រួសារ ។ ព្រោះការបាត់បង់នេះ គឺមិនត្រឹមតែជា ការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានឆ្នើមមួយរូបនៃកងទ័ពជើងគោក ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារ បូរណភាពទឹកដីជារៀងរហូតមក។

នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ សូមឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version