(កំពត)៖ លោក ហេង ងួនស៊្រុន អភិបាលរងស្រុកជុំគិរី ខេត្តកំពត កំពុងប្រឈមនឹងការដាក់វិន័យ ពាក់ព័ន្ធរឿងគ្រួសារ លែងប្រពន្ធពុំទាន់ដាច់ស្រេច បែរជាទៅរៀបការប្រពន្ធថ្មី។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៣.០៦.២០២៥។
ក្នុងសេចក្តីប្រកាសនោះ រដ្ឋបាលខេត្តកំពត បានអះអាងថា កាលពីវេលាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តបានពិនិត្យឃើញ មានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនី បានបង្ហោះឃ្លីបវីដេអូ ករណីបុគ្គលឈ្មោះ ហេង ងួនស៊្រុន មានតួនាទីជាអភិបាលរងស្រុកជុំគិរី ខេត្តកំពត បានប្រព្រឹត្តអំពើ ដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់ខ្លួន និងអង្គភាព។
រដ្ឋបាលខេត្តកំពត សូមមិនគាំទ្រដាច់ខាតចំពោះករណីខាងលើនេះ ដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្ត នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕