Update៖ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានគ្រីឃីតក្នុងប្រទេសឥណ្ឌា ស្លាប់១១នាក់!

មនុស្សយ៉ាងតិច១១នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅខាងក្រៅកីឡដ្ឋានគ្រីឃីតមួយកន្លែង ក្នុងទីក្រុងបេងហ្គាលូរុ ប្រទេសឥណ្ឌា ជាព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើង ដើម្បីអបអរសាទរជ័យជម្នះលើកដំបូងរបស់ក្រុម Royal Challengers Bengaluru ក្នុងការប្រកួតដណ្តើមពានរង្វាន់ Indian Premier League (IPL)។
ប្រភពពីសារព័ត៌មាន Reuters។

បណ្តាញទូរទស្សន៍ បានបង្ហាញរូបភាពមនុស្សរាប់ពាន់នាក់ ដែលមួយចំនួនគ្រវីទង់ក្រហមរបស់ក្រុម បានឈរតម្រង់ជួរនៅតាមដងផ្លូវឆ្ពោះទៅកាន់កីឡដ្ឋាន Chinnaswamy ដែលស្ថិតនៅកណ្តាលទីក្រុង ខណៈក្រុមគ្រីឃីតបានទៅដល់ទីកន្លែងនោះតាមរថយន្តក្រុងនៅពេលល្ងាច។

ទិដ្ឋភាពបន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា បានបង្ហាញឲ្យឃើញមន្ត្រីប៉ូលីសម្នាក់កំពុងសែងអ្នកទស្សនាដែលរងរបួសទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ខណៈមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញមនុស្សម្នាក់ទៀតដែលដេកស្តូកស្តឹងនៅលើដី។

គួរបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នា និងគ្រោះថ្នាក់ផ្សេងៗទៀត មិនមែនជារឿងចម្លែកនោះទេ នៅពេលដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករនៅក្នុងប្រទេសឥណ្ឌា រួមទាំងក្នុងអំឡុងពេលព្រឹត្តិការណ៍សាសនាផងដែរ។ កាលពីខែមករា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅឯពិធីបុណ្យ Maha Kumbh របស់សាសនាហិណ្ឌូ ខណៈមនុស្សរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីមុជទឹកពិសិដ្ឋនៅថ្ងៃដ៏មង្គលបំផុតនៃពិធីបុណ្យនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version