សារព័ត៌មាន CBS News បានរាយការណ៍ដោយយោងតាមប្រភពពីក្រុមមន្ត្រីរដ្ឋបាលអាមេរិកកាលពីថ្ងៃពុធ(ទី៤ខែមិថុនា)ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន។
សេចក្តីប្រកាសនេះ ដាក់ការរឹតត្បិតទាំងស្រុង និងកំណត់ការចូលទៅក្នុងសហរដ្ឋអាមេរិកពីប្រទេសចំនួន ១២ មានដូចជា អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រី ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
ជាមួយគ្នានោះ ការហាមប្រាមពីប្រជាជនមកពីប្រទេសចំនួន ៧ ផ្សេងទៀតរួមមាន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា នឹងត្រូវដាក់កម្រិតដោយផ្នែក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយខាងលើដដែលនេះ។
អ្នកនាំពាក្យរងសេតវិមាន លោកស្រី Abigail Jackson បាននិយាយនៅលើបណ្ដាញសង្គម Xថា លោកប្រធានាធិបតី Trump កំពុងបំពេញតាមពាក្យសន្យារបស់លោកក្នុងការការពារប្រជាជនអាមេរិក ពីក្រុមជនបរទេសដ៏គ្រោះថ្នាក់ ដែលចង់ចូលមកក្នុងទឹកដីរបស់ពួកលោកស្រី និងបង្កការប៉ះពាល់ដល់ពួកលោកស្រី៕