(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ចំពោះដំណោះស្រាយព្រំដែនជាមួយភាគីថៃដោយ និងបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្តឹងទៅតុលាការ ICJ ក៏ដោយ កម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូតជាមួយភាគីថៃ ហើយនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
ប៉ុន្តែចំណុចទាំង៤ រួមមាន បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របី ដែលកម្ពុជាបានប្តឹងទៅ ICJ នឹងមិនស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំខាងមុខនោះឡើយ។នេះបើយោងតាមសេចក្តីថ្លែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥។
ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាងមានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង។
ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើនប៉ុន្តែកម្ពុជាតែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ទោះបីជាខណៈខ្លះប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើងដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា ការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបានស្តែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្ដីឱ្យកម្ពុជាឈ្នះម្ដង នៅឆ្នាំ ១៩៦២ និងឈ្នះម្ដងទៀតនៅឆ្នាំ ២០១៣
នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសថៃ។
សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
នៅក្នុងខ្លឹមសារសេចក្តីថ្លែងការណ៍បានបន្តទៀតថា ជាការគួរឱ្យសោកស្តាយ ដែលនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់
ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។
ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះ
ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ។ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។
តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ។ការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទ ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃដដែលនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តការសន្ទនា និងច្រកការទូត។
កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តីដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការICJ នោះ ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនោះទេ ហើយកម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការICJ ក្នុងស្មារតីយុត្តិធម៌
ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។
កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។
ទន្ទឹមនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល ហើយកម្ពុជា ក៏បានគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយលើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ៕