កាលថ្ងៃព្រហស្បតិ៍(ទី៥ខែឧសភា) រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរីយូស (Boris Pistorius) មានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់នឹងត្រូវការកងទ័ពបន្ថែមរហូតដល់៦០,០០០នាក់ ដើម្បីឆ្លើយតបទៅនឹងគោលដៅថ្មីរបស់អង្គការណាតូ សម្រាប់សព្វាវុធនិងធនធានមនុស្ស។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ថ្លែងប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំជាមួយសមភាគី នៃបណ្តាប្រទេសជាសមាជិកណាតូ នៅទីក្រុងព្រុចសែល ដែលគ្រោងនឹងអនុម័តលើគោលដៅថ្មីទាំងនេះ លោក ភីស្តូរីយូស បានបញ្ជាក់ថា «យើងកំពុងបង្កើនការទទួលខុសត្រូវរបស់យើង ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប»។
តម្រូវការថ្មីៗទាំងនេះ ត្រូវបានកែសម្រួលឲ្យស្របទៅតាមផែនការការពាររបស់សម្ព័ន្ធភាព ដែលជាឯកសារសម្ងាត់រាប់ពាន់ទំព័រ ដែលត្រូវបានតាក់តែងឡើងជាលើកដំបូងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក ដោយរៀបរាប់លម្អិតអំពីរបៀបដែលកងកម្លាំងសម្ព័ន្ធមិត្តនឹងឆ្លើយតបចំពោះការវាយប្រហារណាមួយពីសំណាក់រុស្ស៊ីមកលើអង្គការណាតូ។
តាមរយៈការបកប្រែផែនការទាំងនេះទៅជាតម្រូវការជាក់ស្តែងផ្នែកយោធា អង្គការណាតូបានរកឃើញនូវកង្វះខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យផ្សេងៗគ្នា ចាប់ពីចំនួនកងទ័ពជើងគោកទ្រង់ទ្រាយធំដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការប្រយុទ្ធ រហូតដល់អាវុធរយៈចម្ងាយឆ្ងាយ ឃ្លាំងស្តុកគ្រាប់រំសេវគ្រប់គ្រាន់ និងប្រព័ន្ធទំនាក់ទំនងប្រកបដោយសុវត្ថិភាព៕