(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។
សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានវិស័យសក្ដានុពលជាច្រើនដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀតដើម្បីឱ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស។
ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញនូវការស្វាគមន៍ចំពោះអ្នកការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន ប្រទេសអូទ្រីស។
ឯកឧត្តមក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។
សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋលេខាធិការបានបន្តពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
សម្ដេចបវរធិបតីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីធានានូវចីរភាពបរិស្ថាន, អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០៕