(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាគមធនាគារ ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុធ្វើការខិតខំដើម្បីជួយស្រោចស្រង់បងប្អូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ មកកាន់កម្ពុជាវិញ។
ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើឡើងនៅក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ ដែលបានជួយបន្ថូរបន្ថយលើការជំពាក់ធនាគារពីសំណាក់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ដែលអាចទទួលបានការបន្ថូរបន្ថយច្រើន អាចពន្យារពេលក្នុងការបង់ការប្រាក់ ឬមិនបង់ការប្រាក់ក្នុងរយៈពេលណាមួយ តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា។
ទន្ទឹមនឹងនោះសម្ដេចតេជោ ហ៊ុន សែន ក៏បន្ដអំពាវនាវឱ្យបងប្អូនខ្មែរពលករដែលកំពុងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដោយសម្ដេចគូសបញ្ជាក់ថា យើងមិនអាចរស់នៅទីនោះមួយជីវិតទេ។ នៅពេលរឿងរ៉ាវព្រំដែនមិនទាន់ចប់ ការប្រមាថ ការម៉ាកងាយនឹងមានជាបន្ដ ដូច្នេះបងប្អូនគួរតែត្រូវចាកចេញមុនពេលគេបណ្ដេញចេញ ឬការប្រមាថនិងការរើសអើង៕