Update៖ នាយករដ្ឋមន្រ្តីថៃ លុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សា ខណៈលោកស្រីលុបការបង្ហោះសារបាក់ទឹកចិត្ត!

លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានលុបសារបង្ហោះលើគណនី Instagram និងលុបកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនានេះ។

ប្រភពពីសារព័ត៌មាន The Nation Thailand។
ជាមួយគ្នានេះ នៅព្រឹកទី១៩.០៦.២០២៥ ក្រុមបាតុករថៃ បានផ្ទុះការតវ៉ា ទាមទារឱ្យលោកស្រី ចុះចេញពីតំណែង។

សារនៅលើ Instagram story លោកស្រី Paetongtarn បានសរសេរជាភាសាអង់គ្លេស មានន័យថា មនុស្សមិនបន្លំធ្វើជាបាក់ទឹកចិត្តទេ បើពួកគេបន្លំ គឺបន្លំថាមិនអី។ សូមទាំងអស់គ្នាយល់ និងមានអធ្យាស្រ័យចំពោះគ្នា។
សារនេះត្រូវបានលោកស្រី​បង្ហោះ នៅ​វេលា​ម៉ោង ​៨​និង ​១៥​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មុនពេលលុបចោល។

លោកស្រី បានលុបចោល កិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី នៅឯ Phitsanulok Mansion ហើយបន្តបំពេញភារកិច្ចនៅវិមានរដ្ឋាភិបាល។

តាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ។
ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ដែលបានក្លាយជាប្រធានដ៏បទក្តៅគគុក និងកំពុងបង្កជាព្យុះភ្លៀងនយោបាយនៅក្នុងប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version