សម្តេចតេជោ អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតបង់ក្លាដែសមកកាន់កម្ពុជានៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដែស កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដែសបានអរគុណសម្ដេចតេជោដែលបានផ្ដល់ឱកាសដល់ឯកឧត្តមបានជួបសម្ដេច។ ឯកឧត្តមបានលើកឡើងនូវចំណុច២ ដែលសុំការគាំទ្រពីសម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជាការសុំការគាំទ្រពីកម្ពុជា ទី១ ឯកឧត្តមបានលើកឡើងដោយស្នើឲ្យមានការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងបង់ក្លាដែសឲ្យកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន ឯកឧត្តមបានលើកឡើងពីទិដ្ឋភាពសក្តានុពលដែលប្រទេសកម្ពុជាមានជាពិសេសភាពរីកចម្រើន និងការអភិវឌ្ឍឆាប់រហ័ស ដោយឯកឧត្តមលើកឡើងថាកាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនប្លែក។
ទី២ឯកឧត្តមបានស្នើ និងសុំឲ្យកម្ពុជាគាំទ្របង់ក្លាដែស គឺតួនាទីរបស់
បង់ក្លាដែសក្នុងការធ្វើជាដៃគូរបស់អាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា បង់ក្លាដែស ចង់ចូលរួមចំណែកធ្វើជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយអាស៊ាន តាមដែលបង់ក្លាដែសអាចធ្វើទៅបាន ជាពិសេសនៅក្នុងស្ថានភាពថ្មីៗនេះ គឺបញ្ហាមីយ៉ាន់ម៉ាក្នុងនាមបង់ក្លាដែសជាប្រទេសជិតខាងជាប់ភូមិផងជាមួយមីយ៉ាន់ម៉ា ជាផ្នែកមួយអាចសន្ទនាជាមួយអាស៊ានជួយដល់តំបន់អាស៊ានផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ហើយសម្ដេចគាំទ្រចំពោះជំហររបស់បង់ក្លាដែសដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យដែលជាផ្នែកមួយជួយដល់បង់ក្លាដែសក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខ័ណ្ឌដទៃទៀត ជាពិសេសបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមបង់ក្លាដែសគឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ា ដែលជាផ្នែកសំខាន់ក្នុងការដោះស្រាយមីយ៉ាន់ម៉ា។ សម្ដេចតេជោក៏គាំទ្រផងដែរ ក្នុងការជំរុញ ពាណិជ្ជកម្ម កម្ពុជា-បង់ក្លាដែស មានការវិនិយោគ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។ សម្ដេចបន្តថា ស្នូលនៃទំនាក់ទំនងរវាង កម្ពុជានិងបង់ក្លាដែស គឺមិនអាចកាត់ផ្ដាច់បានពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគបាននោះទេ។ សម្ដេចបានផ្ដល់ជាគំនិតថា បង់ក្លាដែស គួរតែគិតគូរបន្ថែមក្នុងការចូលជាដៃគូ នៃ RCEP ពីព្រោះថាបច្ចុប្បន្ននេះ RCEP កំពុងតែបើកផ្លូវឱ្យសមាជិកចូលបន្ថែមហើយបង់ក្លាដែសជាប្រទេសដែលមិនឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍របស់យើង ដូច្នេះជាឱកាសប្រសិនបើបង់ក្លាដែសអាចចូលជាសមាជិក RCEP បាន ។
ឯកឧត្តមក៏បានពេញចិត្តចំពោះ ការផ្ដល់យោបល់របស់សម្ដេចតេជោ ដែលចង់ឲ្យបង់ក្លាដែសចូលជាសមាជិក RCEP ហើយឯកឧត្តមនឹងរាយការណ៍ទៅរដ្ឋាភិបាលរបស់លោក ហើយនឹងពិចារណាចូលជាសមាជិករបស់ RCEP។

ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ជាពិសេសរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ ដល់ជនជាតិបង់ក្លាដែសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ ហើយបានស្នើឱ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រចំហរកម្ពុជាដែលលើកឡើង និងដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហានេះទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាត ICJ ។

ឯកឧត្តមក៏បានសំដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឲ្យគោរពក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក។ ឯកឧត្តមបានបញ្ជាក់ទៀតថា សម្ដេចតេជោជាមេដឹកនាំដ៏ឆ្នើមដែលពិភពលោកត្រូវការ ហើយឯកឧត្តមរំពឹងថាតាមរយៈទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដេស នឹងកាន់តែរីកចម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version