ថៃ ប្រើប្រាស់មុខព្រួញចំនួន៣ ដើម្បីបង្កជម្លោះព្រំដែនជាមួយកម្ពុជា!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានលើកឡើងថា ភាគីថៃ បានប្រើប្រាស់មុខព្រួញចំនួន៣ ដើម្បីបង្កជម្លោះព្រំដែនជាមួយកម្ពុជា គឺ១,ការប្រើប្រាស់ស្មារតីជាតិនិយម បំផុសជាតិនិយមដើម្បីកេញចំណេញនយោបាយនៅក្នុងប្រទេសថៃដែលរាលមកដល់កម្ពុជា។
២, ការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធដើម្បីលាបពណ៌ដាក់កម្ពុជា ។
និង ទី៣, ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដាក់គំនាបមកលើកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សសយក នៅសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចធិបតី សង្កត់ធ្ងន់ថា កត្ដាទី១ គឺតាំងពីដើមឆ្នាំក្រុមចលនាជាតិនិយមរបស់ថៃ បានបង្កើតរឿងកោះគុត កោះក្របី និងតំបន់ផ្សេងទៀត បញ្ជាក់ថា ជារបស់គេ(ថៃ) ។
ដើម្បីកេញចំណេញផ្ទៃក្នុងនយោបាយរបស់គេ ត្រង់នេះយើងមិនតបតនោះទេ ព្រោះថា ក្រុមជ្រុលនិយមថៃចង់បានជាឯកតោភាគីជារឿងរបស់អ្នកឯង បើចង់បានជាក់ស្ដែងត្រូវមកចរចាគ្នាតាមរយៈយន្ដការគណៈកម្មការចម្រុះ JBC កម្ពុជា-ថៃ។

សម្ដេចធិបតី កត្ដាទី២ គឺការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដោយភាគីថៃគំរាមផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធើណេត និងបានលាបពណ៌កម្ពុជាអាក្រក់ជាដើម។
សម្ដេចធិបតី ចាត់ទុកថា ការដាក់បន្ទោសមកកម្ពុជានេះ គឺពាក់ព័ន្ធនឹងកិត្ដិយសរបស់កម្ពុជា អ្នកឯងចង់ចំណេញនយោបាយអ្នកឯង ប៉ុន្ដែធ្វើឱ្យប៉ះពាល់ជាតិមួយ។
និយាយរួមទាំងជាតិនិយម និងនយោបាយផ្ទៃក្នុងថៃ ជាពិសេសអ្នកជ្រុលនិយម បានបង្កើតស្មារតីនេះដើម្បីបន្ដុះបង្អាប់មកលើកម្ពុជា។

សម្ដេចធិបតីបន្ថែមថា កត្ដាទី៣ គឺការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដាក់គំនាបមកលើកម្ពុជា ដោយថៃបានបង្ហាញយុទ្ធោបករណ៍ យន្ដហោះ ត្រូនដាក់គ្រាប់បែកទម្លាក់ និងរថក្រោះជាដើម។

ប៉ុន្ដែរឿងនេះ កម្ពុជាមានសំណាញ់មេឃដើម្បីការពាររួចទៅហើយ, ហើយបើសួរថា ហេតុអ្វីកម្ពុជាមានគ្រឿងសម្រាប់ប្រឆាំងនិងការពាររថក្រោះ និងយន្ដហោះ? រឿងនេះគឺយើងត្រៀមដើម្បីការពារជាតិ មិនមែនដើម្បីវាយលុកដណ្ដើមទឹកដីនរណានោះទេ។

សម្ដេចធិបតី កម្ពុជាមិនចង់ធ្វើសង្រ្គាមនោះទេ យើងឆ្អែតហើយ ប៉ុន្ដែប្រសិនបើមានការបំពានដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារទឹកដី ទោះបីជាឧបករណ៍របស់យើងមិនទំនើបខ្លាំង ។
ប៉ុន្ដែទឹកចិត្ដ និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំងដែលចូលទន្រ្ទានទឹកដីរបស់យើងបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version